ព័ត៌មានអន្តរជាតិ

យន្តហោះទម្លាក់គ្រាប់បែក B-52 របស់អាមេរិកចំនួន ៤គ្រឿង ហោះត្រឡប់ ទៅកោះ Guam វិញ ក្រោយចេញប្រតិបត្តិការ៣ឆ្នាំ

បរទេស៖ មូលដ្ឋានទ័ពអាកាស Andersen បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា យន្តហោះទម្លាក់គ្រាប់បែក B-52 Stratofortress ចំនួន ៤ គ្រឿងរបស់អាមេរិក បានវិលត្រឡប់មកមូលដ្ឋាននៅកោះ Guam វិញហើយ បន្ទាប់ពីអវត្តមានរយៈពេល ៣ ឆ្នាំ ក្នុងគោលបំណងដើម្បីបំពេញបេសកកម្មរារាំងនៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃសុក្រថា “យន្តហោះទម្លាក់គ្រាប់បែក B-52H Stratofortress ចំនួន ៤ គ្រឿងរបស់អាមេរិកបានវិលត្រឡប់មកតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិកវិញ នៅថ្ងៃទី ២៨ ខែមករា សម្រាប់ការដាក់ពង្រាយកម្លាំងទម្លាក់គ្រាប់បែក Task Force ដែលធ្វើប្រតិបត្តិការចេញពីមូលដ្ឋានទ័ពអាកាស Andersen កោះ Guam” ។

យន្តហោះទម្លាក់គ្រាប់បែកនឹងចូលរួមក្នុង “បេសកកម្មការទប់ស្កាត់ជាយុទ្ធសាស្ត្រ” ជាមួយសម្ព័ន្ធមិត្តនិងដៃគូអាមេរិកជាច្រើននៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក។

សូមជម្រាបថា យន្តហោះទម្លាក់គ្រាប់បែក B-52 របស់អាមេរិកត្រូវបានគេដាក់ពង្រាយចុងក្រោយទៅកាន់កោះ Guam កាលពីខែធ្នូ ឆ្នាំ ២០១៨ ។ សហរដ្ឋអាមេរិកបន្តចូលរួមជាមួយសម្ព័ន្ធមិត្តនិងដៃគូនៅក្នុងតំបន់ ដើម្បីប្រឆាំងនឹងប្រទេសចិននេះបើយោងតាមការចេញផ្សាយ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top