បរទេស៖ នាយករដ្ឋមន្រ្តីលោក ង្វៀន ស៊ុនហ្វុក បានណែនាំឱ្យក្រសួងសុខាភិបាលទិញវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ នៅក្នុងត្រីមាសទី ១ ចំពេលមានការរីករាលដាល នៃជំងឺរាតត្បាតនេះ បានកើតឡើងជាថ្មី ក្នុងពេលដែលប្រទេសវៀតណាម ក៏កំពុងបង្កើនល្បឿនផលិតវ៉ាក់សាំង ក្នុងស្រុកផងដែរ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា រលកឆ្លងថ្មី នៃជំងឺកូវីដ១៩ បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីចន្លោះពេល ៥៥ ថ្ងៃ ដែលគ្មានការឆ្លង ក្រោយមកក៏បានរាលដាល ដល់តំបន់យ៉ាងតិចចំនួន ៥ ក្នុងនោះមានទីក្រុងហាណូយ ដោយមានមនុស្ស ១៨០ នាក់ត្រូវបានបញ្ជាក់ថា បានឆ្លងនៅព្រឹកថ្ងៃសៅរ៍។
កាលពីមុនក្រសួងបាននិយាយថា ខ្លួនកំពុងពិភាក្សាដើម្បីទិញវ៉ាក់សាំងចំនួន ៣០ លានដូល្លាដែលត្រូវបានបង្កើតឡើងដោយ AstraZeneca និងសាកលវិទ្យាល័យ Oxford ។ លោក ង្វៀនថាញ់ឡុង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បាននិយាយថា “ ក្រុមហ៊ុន AstraZeneca បានសន្យាថា នឹងផ្តល់ថ្នាំចំនួន ៣០ លានដូសក្នុងមួយឆ្នាំ។
លោកបាននិយាយថា ក្រសួងបានបង្កើន ការចរចាជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងផ្សេងទៀតនៅក្នុងប្រទេសឥណ្ឌា ចិន និងរុស្ស៊ី ដូច្នេះដូសដំបូងបង្អស់អាចត្រូវបានផ្តល់ ឱ្យប្រជាជននៅក្នុងត្រីមាសទីមួយ ៕
ប្រែសម្រួលៈ ណៃ តុលា