បរទេស ៖ មន្ត្រីណាតូជាន់ខ្ពស់៤រូប បាននិយាយថា កងទ័ពអន្តរជាតិ គ្រោងនឹងស្ថិតនៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ហួសកាលផុត កំណត់ក្នុងខែឧសភា ដែលមានចែង ក្នុងកិច្ចព្រមព្រៀង របស់ពួកតាលីបង់ ជាមួយសហរដ្ឋអាមេរិក ហើយនេះជាសកម្មភាពមួយ ដែលអាចបង្កឲ្យមានភាពតាន តឹងកើនឡើង ជាមួយពួកតាលីបង់ ដែលទាមទារឲ្យមានការ ដកទ័ពទាំងស្រុង ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងចំណោមមន្ត្រីទាំង៤រូបនោះ មន្ត្រីមួយរូប បាននិយាយប្រាប់សារព័ត៌មានយ៉ាងដូច្នេះថា “គ្មានការដកកងទ័ពទាំងស្រុងធ្វើឡើង ដោយសម្ពន្ធមិត្ត នៅចុងខែមេសានោះទេ”។
ដោយថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ព្រោះជាបញ្ហារសើប មន្ត្រីរូបនោះ បានបន្តទៀតថា “លក្ខខណ្ឌនានា មិនត្រូវបានបំពេញតាម ហើយជាមួយនឹងរដ្ឋបាលអាមេរិកថ្មី នឹងមានការកែប្រែតិចតួចក្នុងគោលនយោបាយ ពាក់ព័ន្ធការដកទ័ពឆាប់រហ័ស ដែលជាទូទៅនឹងត្រូវដោះស្រាយ ហើយយើងអាចមើលឃើញយុទ្ធសាស្ត្រដកចេញដែលបានគណនាកាន់តែច្រើនឡើង”។
គួរបញ្ជាក់ថា រដ្ឋបាលអតីតប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាជាមួយពួកតាលីបង់ នៅដើមឆ្នាំមុន ស្នើឲ្យដកកងទ័ពបរទេសទាំងអស់ នៅត្រឹមខែឧសភា ដើម្បីជាថ្នូរឲ្យពួកបះបោរបំពេញនូវការធានាសន្តិសុខពិតប្រាកដ៕ ប្រែសម្រួល៖ប៉ាង កុង