ព័ត៌មានអន្តរជាតិ

អាមេរិក ដូចជាមិនបានផ្លាស់ប្ដូរ យុទ្ធសាស្រ្ត ក្នុងការលុបបំបាត់ អាវុធនុយក្លេអ៊ែរ កូរ៉េខាងជើង

វ៉ាស៊ីនតោន ៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានលើកឡើងថា សហរដ្ឋអាមេរិក កំពុងពិចារណា ទាំងការដាក់ទណ្ឌកម្ម និងការលើកទឹកចិត្ត ដែលជាផ្នែកមួយ នៃកិច្ចប្រឹងប្រែង ដើម្បីលុបបំបាត់នុយក្លេអ៊ែរកូរ៉េខាងជើង ដែលទាំងនេះ ដូចជាមិនបានផ្លាស់ប្ដូរយុទ្ធសាស្រ្ត ដែលត្រូវបានប្រើ នាពេលកន្លងមកឡើយ ។

នៅក្នុងបទសម្ភាសន៍ ជាមួយបណ្តាញ ទូរទស្សន៍អាមេរិក NBC រដ្ឋលេខាធិការថ្មីរូបនេះ បានលើកឡើងថា ប្រធានាធិបតីលោក ចូ បៃដិន បានស្នើឱ្យក្រុមសន្តិសុខជាតិរបស់លោក ពិនិត្យឡើងវិញនូវគោលនយោបាយ របស់សហរដ្ឋអាមេរិក ចំពោះប្រទេស កូរ៉េខាងជើង នៅទូទាំងក្រុមប្រឹក្សា ដើម្បីរកវិធីដែលមានប្រសិទ្ធភាពបំផុត ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ របស់ប្រទេសនេះ ។

លោក Blinken បានលើកឡើងថា រដ្ឋបាលថ្មីរបស់អាមេរិក នឹងពិនិត្យឡើងវិញនូវគោលនយោបាយ និងវិធីសាស្រ្តសហរដ្ឋអាមេរិក ទាំងមូលឆ្ពោះទៅប្រទេសកូរ៉េខាងជើង។

ខណៈពេលដែលការពិនិត្យមើលជាក់ស្តែង កំពុងដំណើរការលោក Blinken បានលើកឡើងថាឧបករណ៍ ដើម្បីនាំកូរ៉េខាងជើង ត្រឡប់ទៅតុចរចាវិញអាច រួមមានការដាក់ទណ្ឌកម្មបន្ថែមទៀត ក្នុងការសម្របសម្រួលជាមួយសម្ព័ន្ធមិត្ត សហរដ្ឋអាមេរិក ក៏ដូចជាការលើកទឹកចិត្តផ្នែកការទូត។

ប្រទេសកូរ៉េខាងជើង បានឃ្លាតឆ្ងាយពីការជជែក ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ ចាប់តាំងពីជំនួបកំពូលលើកទី ២ រវាងមេដឹកនាំរបស់ខ្លួន គឺលោកគីម ជុងអ៊ុន និងអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង នៅទីក្រុងហាណូយ កាលពីខែកុម្ភៈ ឆ្នាំ២០១៩៕

ដោយ ឈូក បូរ៉ា

Most Popular

To Top