ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ពិនិត្យឡើងវិញនូវគោលជំហរ លើសហសមយុទ្ធយោធា ជាមួយអាមេរិក

បរទេស ៖ រដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េខាងត្បូង លោក Lee In-young បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូង នឹងធ្វើការកំណត់ ពីគោលជំហររបស់ខ្លួន លើសហសមយុទ្ធយោធា នាពេលអនាគត ជាមួយសហរដ្ឋអាមេរិក ដើម្បីជៀសវាងមិនឲ្យមានបញ្ហាធ្ងន់ធ្ងរ ជាមួយប្រទេសកូរ៉េខាងជើង ។

ការពិនិត្យឡើងវិញ របស់រដ្ឋាភិបាលនេះ នឹងពិចារណាលើបញ្ហានានា ដែលរួមមានទាំង បញ្ហាជម្ងឺកូវីដ១៩ និងគោលនយោបាយ របស់រដ្ឋបាលលោក បៃដិន ចំពោះប្រទេសកូរ៉េខាងជើង ហើយនឹងឲ្យស្រប តាមការលុបបំបាត់នុយក្លេអ៊ែ និងដំណោះស្រាយសន្តិភាព អចិន្ត្រៃយ៍ នៅលើឧបទ្វីបកូរ៉េ”។

លោកបន្តទៀតដូច្នេះថា “ខ្ញុំសង្ឃឹមដោយស្មោះថា ប្រទេសកូរ៉េទាំងពីរ នឹងដោះស្រាយយ៉ាងវៃឆ្លាត និងមានភាពបត់បែន ស្របតាមស្ថានភាពនេះ ដូច្នោះបញ្ហាសហសមយុទ្ធយោធា មិនឈានដល់បញ្ហាធ្ងន់ធ្ងរ លើឧបទ្វីបកូរ៉េទេ” ។

គួរបញ្ជាក់ថា សហសមយុទ្ធយោធាទាំងនោះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមប្រារព្ធធ្វើឡើង នៅក្នុងខែមីនាខាងមុខនេះ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top