បរទេស ៖ បុគ្គលិកកងទ័ពអាកាស ជាង២០០នាក់ មកពីមូលដ្ឋានកងទ័ពអាកាស អាមេរិក Dyess ក្នុងរដ្ឋតិកសាស តាមសេចក្តីរាយការណ៍ នឹងធ្វើដំណើរទៅកាន់ប្រទេសន័រវេស ដើម្បីគាំទ្រដល់បេសកកម្ម កងកម្លាំងទម្លាក់គ្រាប់អនាគត នៅខាងក្រៅមូលដ្ឋាន ទ័ពអាកាស Orland ប្រទេសន័រវេស។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់សារព័ត៌មាន UPI នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ទីបញ្ជាការប្រចាំ នៅអឺរ៉ុបរបស់សហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា បុគ្គលិកកងទ័ពអាកាស សហរដ្ឋអាមេរិក នឹងធ្វើដំណើរទៅជាមួយកងយន្តហោះទម្លាក់គ្រាប់ B-1 Lancer ហើយហ្វឹកហាត់ក្នុងតំបន់ផ្សេងៗ ។
ការហ្វឹកហាត់នោះ នឹងមានរួមបញ្ចូល ទាំងប្រតិបត្តិការនានា នៅតំបន់ខ្ពស់រាបខាងជើង និងការធ្វើឲ្យកាន់តែប្រសើរឡើង នូវអន្តរប្រតិបត្តិការជាមួយសម្ពន្ធមិត្ត និងដៃគូនានា មកពីទូទាំងតំបន់អឺរ៉ុប ។
នៅក្នុងសេចក្តីប្រកាស ព័ត៌មានមួយ លោកឧត្តមសេនីយ៍ Jeff Harrigian ជាមេបញ្ជាការកងទ័ព អាកាសអាមេរិក នៅក្នុងតំបន់អឺរ៉ុបនិងអាហ្វ្រិក បានមានប្រសាសន៍ដូច្នេះថា “ការត្រៀមខ្លួនសម្រាប់ប្រតិបត្តិការ និង សមត្ថភាពរបស់យើង ធ្វើការគាំទ្រដល់សម្ពន្ធមិត្តនិងដៃគូនានា ព្រមទាំងឆ្លើយតបរហ័សនោះ គឺមានសារៈសំខាន់ខ្លាំងចំពោះជោគជ័យរួមគ្នា”៕
ប្រែសម្រួល៖ប៉ាង កុង