ព័ត៌មានអន្តរជាតិ

អាមេរិក គួរតែពន្យារពេល ការដកទ័ពទាំងស្រុង នៅអាហ្វហ្គានីស្ថាន

បរទេស ៖ របាយការណ៍មួយ ដែលប្រគល់ឲ្យរដ្ឋសភា នៅថ្ងៃពុធសប្ដាហ៍នេះ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិក គួរតែពន្យារពេលការដកកងទ័ព របស់ខ្លួនទាំងស្រុង ចេញពីប្រទេសអាហ្វហ្គានីស្ថាន និងធ្វើការកាត់បន្ថយកងកម្លាំង តាមការវិវត្តទៅមុខ ក្នុងកិច្ចពិភាក្សាសន្តិភាព ក៏ដូចជាដោយពួកតាលីបង់ កាត់បន្ថយអំពើហិង្សា និងទប់ទល់ពួកអាល់កៃដា។

របាយការណ៍ដដែលនោះ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន មិនគួរបោះបង់ដំណើរការសន្តិភាព អាហ្វហ្គានីស្ថាននោះទេ ប៉ុន្តែភាពជោគជ័យរបស់វា នឹងមិនសម្រេចនៅត្រឹមថ្ងៃទី០១ ខែឧសភា ដែលជាពេលផុតកំណត់ កម្រិតក្នុងកិច្ចព្រមព្រៀងអាមេរិក និងពួកតាលីបង់ក្នុងឆ្នាំ២០២០នោះទេ ។

យោងតាមរបាយការណ៍នោះ ការដកកងទ័ពសហរដ្ឋអាមេរិកទាំងស្រុង អាចនឹងនាំឲ្យមានសង្គ្រាមស៊ីវិល នៅប្រទេសអាហ្វហ្គានីស្ថាន បង្កអស្ថិរភាពដល់តំបន់ និងធ្វើឲ្យមានឡើងវិញ នូវការគម្រាមកំហែង ពីពួកអាល់កៃដាន។

ដោយបង្ហាញពីការរិះគន់ថា រដ្ឋបាលលោក ត្រាំ យល់ព្រមហួសហេតុចំពោះពួកបះបោរ ក្នុងគោលបំណងបញ្ចប់សង្គ្រាម ដ៏វែងបំផុតរបស់អាមេរិកនោះ របាយការណ៍របស់ក្រុមសិក្សា អាហ្វហ្គានីស្ថានបាននិយាយថា សហរដ្ឋអាមេរិកមិន ប្រគល់ជ័យជំនះងាយៗ ឲ្យទៅពួកាតាលីបង់នោះឡើយ ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top