ប៉េកាំង ៖ ប្រទេសចិន និងរុស្ស៊ី បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា គោលការណ៍នៃការមិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត ដែលជាបទដ្ឋានមូលដ្ឋានមួយ ក្នុងការគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ គួរតែត្រូវបានលើកកម្ពស់ ។
នៅក្នុងកិច្ចសន្ទនា តាមទូរស័ព្ទរវាងក្រុមប្រឹក្សារដ្ឋចិន និងរដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ភាគីទាំងពីរក៏បានសន្យារក្សារួមគ្នា នូវស្ថេរភាពយុទ្ធសាស្ត្រសកល និងតំបន់ ខណៈស្ថានភាពនៅលើពិភពលោក កំពុងជួបភាពតានតឹងខ្លាំង។
លោកវ៉ាង យី បានកត់សម្គាល់ថា ស្ថានការណ៍អន្តរជាតិ គឺនៅទីជម្រាលសំខាន់មួយ ហើយនៅពេលនោះវារឹតតែសំខាន់ សម្រាប់ប្រទេសចិននិងរុស្ស៊ី ក្នុងការពង្រឹងទំនាក់ ទំនងយុទ្ធសាស្ត្រ។
កាលពីសប្តាហ៍មុន ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានថ្លែងសុន្ទរកថារៀងៗខ្លួននៅក្នុងវេទិកា សេដ្ឋកិច្ចពិភពលោកនៃព្រឹត្តិការណ៍ Davos Agenda ។
លោកវ៉ាង យី បានបន្ដទៀងថា មេដឹកនាំទាំងពីរបានបន្ទរជំហរគ្នា ទៅវិញទៅមក នៅក្នុងសុន្ទរកថារបស់មេដឹកនាំទាំងពីរ ដោយបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការលើកកម្ពស់ពហុភាគីនិយម និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា នៅដើមឆ្នាំនេះ។
លោកបានលើកឡើងថា ប្រមុខរដ្ឋទាំងពីរ បានដាក់ចេញនូវផែនការចិន – រុស្ស៊ី ដើម្បីយកឈ្នះរួមគ្នា លើជំងឺរាតត្បាតកូវីដ – ១៩ និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោករស់ឡើងវិញ ដោយចាក់បញ្ចូលថាមពល និងស្ថេរភាពទៅក្នុងទេសភាពអន្តរជាតិ ដែលងាយនឹងបង្កជាហេតុ ៕
ដោយ ឈូក បូរ៉ា