បរទេស៖ ទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា នាវាចម្បាំងអាមេរិកមួយគ្រឿង បានធ្វើដំណើរ ក្បែរក្រុមកោះប៉ារ៉ាសែល ដែលចិនគ្រប់គ្រង នៅសមុទ្រចិនខាងត្បូង នាថ្ងៃសុក្រនេះ ក្នុងប្រតិបត្តិការសេរីភាពនាវាចរណ៍ ហើយនេះជាបេសកកម្មប្រភេទនេះទីមួយ ក្រោមរដ្ឋបាល របស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា យោធារបស់ប្រទេសចិន បានធ្វើការថ្កោលទោស ចំពោះទង្វើនាវាអាមេរិកនោះ និងនិយាយថា ខ្លួនបានបញ្ជូន អង្គភាពទ័ពអាកាសនិងទ័ពជើងទឹក ឲ្យធ្វើដំណើរតាម និងព្រមានឲ្យនាវានោះចាកចេញ។
ដែនសមុទ្រចិនខាងត្បូង គឺជាផ្លូវទឹកមួយ ក្នុងចំណោមចំណុចក្តៅជាច្រើន នៅក្នុងចំណងមិត្តភាព សហរដ្ឋអាមេរិកនិងចិន ដែលរួមបញ្ចូលទាំងសង្គ្រាមពាណិជ្ជកម្ម ទណ្ឌកម្មសហរដ្ឋអាមេរិក បញ្ហាទីក្រុងហុងកុង និងបញ្ហាកោះតៃវ៉ាន់៕ ប្រែសម្រួល៖ប៉ាង កុង
