ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរ នៅភាគខាងជើងប្រទេសឥណ្ឌា នៅរដ្ឋ Uttar Pradesh កាលពីថ្ងៃអាទិត្យ បានប្រកាសអំពីបទបញ្ជាដោយ ស្នើដល់ស្រុកទាំងអស់ដែល នៅតាមបណ្តោយដងទន្លេ River Ganga នៅក្នុងរដ្ឋនេះឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ។
បទបញ្ជាត្រូវបានប្រកាសឲ្យដឹង នៅប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីដុំផ្ទាំងទឹកកក បានបាក់ធ្លាក់ចូលក្នុង ទំបន់វារីអគ្គីសនីមួយកន្លែង និងបង្កជាគ្រោះទឹកជំនន់ដ៏អាក្រក់ កើតឡើងនៅរដ្ឋជិតខាង គឺរដ្ឋ Uttarakhand ។
ពលរដ្ឋប្រមាណ១៥០នាក់ ត្រូវបានគេរាយការណ៍ថា កំពុងបាត់ខ្លួន នៅក្នុងគ្រោះអកុសល និងសាកសពចំនួន១៩នាក់ ត្រូវបានគេរកឃើញចេញពីតំបន់ជាច្រើន ដែលបានរងនូវផលប៉ះពាល់ ដោយការបាក់រលាយដុំផ្ទាំងទឹកកក ។
“លោក Yogi Adityanath រដ្ឋមន្ត្រីប្រចាំការនៅរដ្ឋ Uttar Pradesh បានណែនំាដល់នាយកដ្ឋាន ការិយាល័យ និងកងកម្លាំងឆ្លើយតបនឹងគ្រោះមហន្តរាយ អំពីបញ្ហាទាំងនេះដើម្បីឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដែលបានមើលឃើញអំពី ស្នាមធ្លាយទំនប់ទឹកនៅរដ្ឋ Uttarakhand “ ។ អ្នកនាំពាក្យរដ្ឋាភិបាលមួយរូប បានលើកឡើងដូច្នេះ ។
អ្នកនាំពាក្យក៏បានលើកឡើងទៀតថា “លោករដ្ឋមន្ត្រីក៏បានណែនំា ដល់ស្រុកទាំងអស់ និងប៉ូលិស នៅស្រុកទាំងអស់តាមដាន ស្ថានភាពនៅតាមមាត់ទន្លេ ដោយកុំមានការធ្វេសប្រហែសឲ្យសោះ” ។
ក្រុមកម្មករប្រមាណ២០នាក់ កំពុងនៅក្នុងអាងទំនប់ទឹកមួយ ក្នុងចំណោមវារីអគ្គីសនីចំនួន ២កន្លែង និងត្រូវបានព្យាយាមជួយ ដោយក្រុមអ្នកជួយសង្រ្គោះ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក រាយការណ៍ឲ្យដឹងដោយដកស្រង់សម្តី ចេញពីសន្តិសុខម្នាក់ដែល បាននិយាយយ៉ាងដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា