វ៉ាស៊ីនតោន ៖ ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ក្រុមហ៊ុន Apple ឈានជើងជិតដល់កិច្ចព្រមព្រៀង ផលិតរថយន្តស្វយ័តរបស់ខ្លួន ដោយសហការណ៍ នឹងក្រុមហ៊ុនHyundai យក្សរបស់កូរ៉េខាងត្បូង ជាមួយនឹងសេចក្តីប្រកាសមួយ ដែលទំនងជាឆាប់ៗនេះ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូ ។
របាយការណ៍របស់ទូរទស្សន៍ CNBC ដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ បាននិយាយថា ក្រុមហ៊ុន Apple កំពុងធ្វើការជាមួយក្រុមហ៊ុន Hyundai និង យីហោ Kia របស់ខ្លួនដើម្បីផលិតរថយន្ត នៅរដ្ឋចចជៀភាគខាងត្បូង ។ របាយការណ៍នេះ គឺជារបាយការណ៍ចុងក្រោយ ស្តីពីការផ្សារភ្ជាប់គ្នា និងការខិតខំប្រឹងប្រែង របស់ក្រុមហ៊ុន Apple នៃការអភិវឌ្ឍយានយន្តផ្ទាល់ខ្លួន ដោយប្រើបច្ចេកវិទ្យា បើកបរដោយខ្លួនឯង វាត្រូវបានអភិវឌ្ឍ អស់រយៈពេលជាច្រើនឆ្នាំ ។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ បាននិយាយថា ក្រុមហ៊ុន Apple គ្រោងនឹងវិនិយោគទឹកប្រាក់ រាប់ពាន់លានដុល្លារ នៅ Kia ជាផ្នែកមួយ នៃកិច្ចព្រមព្រៀងនេះ ដែលអាចត្រូវបានប្រកាស នៅថ្ងៃទី១៧ ខែកុម្ភៈហើយក្រុមហ៊ុនគ្រោង នឹងផលិតរថយន្តចំនួន ១០០.០០០ គ្រឿងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២៤ ។ ក្រុមហ៊ុនទាំង២មិនបានអត្ថាធិប្បាយ លើរបាយការណ៍នេះទេ ។
ស្ថានីយទូរទស្សន៍ CNBC បាននិយាយថា កិច្ចព្រមព្រៀងនេះ មិនទាន់ត្រូវបានបញ្ចប់ទេ ប៉ុន្តែក្រុមហ៊ុនគ្រោងនឹង ផលិតរថយន្តអគ្គិសនីស្វ័យយយីហោ Apple នៅឯរោងចក្រដំឡើង Kia នៅ West Point រដ្ឋ Georgia ។ របាយការណ៍ បាននិយាយថា ក្រុមហ៊ុន Apple ចង់ធ្វើការជាមួយក្រុមហ៊ុន ផលិតរថយន្តមានឆន្ទៈចង់ធ្វើឲ្យក្រុមហ៊ុន បច្ចេកវិទ្យាយក្សកាលីហ្វ័រនីញ៉ាគ្រប់គ្រងកម្មវិធី និងផ្នែករឹងដែល នឹងចូលទៅក្នុងយានយន្ត ។
កាលពីខែមុនភាគហ៊ុន នៅក្នុងក្រុមហ៊ុន Hyundai បានកើនឡើងយ៉ាងខ្លាំង ដោយសារមានរបាយការណ៍ថា ខ្លួនកំពុងពិភាក្សាជាមួយ Apple ។ ក្រុមហ៊ុន Hyundai បាននិយាយថា ខ្លួនបានទទួលសំណើ ដើម្បីសហការលើរថយន្តអគ្គិសនីបើកបរដោយខ្លួនឯង ពីក្រុមហ៊ុនផ្សេងៗប៉ុន្តែមិនបានបញ្ជាក់ថា ខ្លួនកំពុងពិភាក្សា ជាមួយក្រុមហ៊ុន Apple ទេ៕ ដោយ៖លី ភីលីព