ព័ត៌មានអន្តរជាតិ

ការបន្ទន់ឥរិយាបថ របស់កូរ៉េខាងត្បូង ជាមួយកូរ៉េខាងជើង អាចបង្កភាពតានតឹង ក្នុងទំនាក់ទំនងជាមួយអាមេរិក

សេអ៊ូល៖ របាយការណ៍សមាជ របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ការជំរុញរបស់កូរ៉េខាងត្បូង សម្រាប់ការផ្តល់សម្បទាន ដល់កូរ៉េខាងជើង អាចបន្តបង្កើតភាពតានតឹង នៅក្នុងទំនាក់ទំនងសហរដ្ឋអាមេរិក – កូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។

របាយការណ៍សេវាកម្ម ស្រាវជ្រាវសភា (CRS) ដែលបានធ្វើបច្ចុប្បន្នភាព ស្តីពីកូរ៉េខាងត្បូង បានកត់សម្គាល់ថា ការសម្របសម្រួលគោលនយោបាយ រវាងក្រុងសេអ៊ូល និងវ៉ាស៊ីនតោន គឺមិនស្ថិតស្ថេរក្រោមការដឹកនាំ របស់អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឡើយ។

ម៉្យាងវិញទៀតប្រធានាធិបតី លោក ចូ បៃដិន កំពុងពង្រឹងសម្ព័ន្ធភាពនេះ ដោយបង្ហាញថា លោកនឹងបោះបង់ចោល ការប្រើប្រាស់ពន្ធគយទណ្ឌកម្ម របស់ប្រធានាធិបតីលោក ត្រាំ ម្តងហើយម្តងទៀត ប្រឆាំងនឹងសម្ព័ន្ធមិត្ត ដូចជាក្រុងសេអ៊ូល និងការទាមទាររបស់លោក សម្រាប់ការបង្កើនចំនួន ៥ ដង នៃការបង់ប្រាក់របស់កូរ៉េខាងត្បូង សម្រាប់ការចំណាយ ក្នុងការធ្វើជាទាហានអាមេរិក នេះបើតាមរបាយការណ៍ ដែលបានធ្វើបច្ចុប្បន្នភាព កាលពីថ្ងៃអង្គារសប្តាហ៍មុន។

របាយការណ៍នេះបានបន្ថែមទៀតថា“ ការលំបាកទ្វេភាគី អាចលេចចេញជាថ្មី លើគោលនយោបាយរបស់កូរ៉េខាងជើង រដ្ឋាភិបាលរបស់លោក មូនចេអ៊ីន ជួយបន្ធូរបន្ថយទណ្ឌកម្ម ប្រឆាំងនឹងក្រុងព្យុងយ៉ាង ដែលជាជំហរមួយ ដែលអាចបង្កើតភាពតានតឹង ជាមួយទីក្រុងវ៉ាស៊ីនតោន”

ទីក្រុងសេអ៊ូល សង្ឃឹមថារដ្ឋបាលថ្មី របស់សហរដ្ឋអាមេរិក នឹងចាប់ផ្តើមការសន្ទនា ស្តីពីការរំសាយ អាវុធនុយក្លេអ៊ែរឡើងវិញ យ៉ាងឆាប់រហ័ស ជាមួយប្រទេសកូរ៉េខាងជើង ដែលបានជាប់គាំង ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៩ នៅពេលដែលកិច្ចប្រជុំកំពូលអាមេរិក លើកទី២ រវាងលោក ត្រាំ និងលោកគីម ជុងអ៊ុន បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន ក៏បានឲ្យដឹងផងដែរថា បញ្ហានៃការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង អាចនឹងត្រូវពិភាក្សា ជាមួយកូរ៉េខាងជើង ជាមុនបន្ទាប់ពីលោកគីម បានលើកឡើង ពីសមយុទ្ធយោធារួមគ្នា ដែលជាភស្តុតាងនៃអ្វី ដែលលោកបានអះអាងថា ជាអរិភាព របស់សហរដ្ឋអាមេរិក ចំពោះកូរ៉េខាងជើង៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top