ព័ត៌មានអន្តរជាតិ

ជប៉ុន-អាមេរិក ឈានដល់កិច្ចព្រមព្រៀងការ ចំណាយរបស់ក្រុងតូក្យូ សម្រាប់ការឈរជើងកងទ័ព អាមេរិកនៅទីនោះ

តូក្យូ ៖ ប្រភពពីរដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាយ៉ាងទូលំទូលាយ ក្នុងការពង្រីកកិច្ចព្រមព្រៀងរយៈពេលមួយឆ្នាំលើក្រុងតូក្យូ សម្រាប់ចំណាយលើកងទ័ពអាមេរិក ។

ភាគីទាំងពីរបានឲ្យដឹងថា នៅក្រោមកិច្ចព្រមព្រៀងនេះ ប្រទេសជប៉ុន នឹងចំណាយថវិកាប្រមាណ ២០០ ពាន់លានយ៉េន (១,៩១ ពាន់លានដុល្លារ) នៅក្នុងឆ្នាំសារពើពន្ធ ២០២១ គឺប្រហាក់ប្រហែលនឹងឆ្នាំមុន សម្រាប់ការគាំទ្រជាប្រទេសម្ចាស់ផ្ទះ សម្រាប់ការឈរជើងរបស់កងទ័ពអាមេរិក។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុនបានឲ្យដឹងថា កិច្ចពិភាក្សាសម្រាប់ការចែករំលែក ចំណាយការពារជាតិ សម្រាប់ឆ្នាំសារពើពន្ធ ២០២២ រវាងប្រទេសសម្ព័ន្ធមិត្ដទាំងពីរ ហើយនឹងបន្តនៅខែមេសាទៀត ដោយកិច្ចព្រមព្រៀង ៥ ឆ្នាំបច្ចុប្បន្ននឹងផុតកំណត់ នៅខែក្រោយ។

ក្រុងតូក្យូ ជាផ្នែកមួយនៃការចំណាយ សម្រាប់ការឈរជើងបុគ្គលិកយោធាអាមេរិកចំនួន ៥៥,០០០ នាក់នៅក្នុងប្រទេសជប៉ុន រួមទាំងការចំណាយលើកម្លាំងពលកម្ម និងការបណ្តុះបណ្តាល ក្រោមសន្ធិសញ្ញាសន្តិសុខទ្វេភាគី។

ប្រទេសជប៉ុន បានត្រៀមថវិកាចំនួន ២០១,២ ពាន់លានយ៉េន សម្រាប់គម្រោងថវិកាដំបូងសម្រាប់ឆ្នាំ ២០២១ គឺប្រហែលនឹងចំនួនដូចឆ្នាំមុនដែរ។

កិច្ចចរចាថ្នាក់ការងារស្តីពីកិច្ចព្រមព្រៀងថ្មីមួយ បានចាប់ផ្តើមនៅក្នុងខែវិច្ឆិកា ក្រោមអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលបានរិះគន់សម្ព័ន្ធភាពនេះថា ជាភាគីម្ខាងចាំតែចំណេញ ។

នៅក្នុងនោះដែរលោក ដូណាល់ ត្រាំ បានដាក់សម្ពាធទីក្រុងតូក្យូ ឱ្យបង្កើនបន្ទុករបស់ខ្លួនយ៉ាងច្រើន ប៉ុន្តែកិច្ចពិភាក្សាត្រូវបានធ្វើឡើងរហូតដល់រដ្ឋបាលលោក ចូ បៃដិន ត្រូវបានសម្ពោធនៅខែមករា។

រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Toshimitsu Motegi នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទលើកដំបូងជាមួយរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken កាលពីចុងខែមករា បានពន្យល់ពីគំនិតរបស់ជប៉ុន អំពីការពង្រីកបណ្តោះអាសន្ន ដែលផែនការនេះត្រូវបានស្នើឡើងដោយក្រុងតូក្យូ ក្នុងអំឡុងកិច្ចចរចាថ្នាក់ការងារដែលបានបន្តនៅថ្ងៃទី០២ ខែកុម្ភៈ ហើយត្រូវបានធ្វើឡើងជាលើកដំបូង ក្រោមការដឹកនាំរបស់លោក បៃដិន៕
ដោយ ឈូក បូរ៉ា

Most Popular

To Top