បរទេស៖ សហភាពអឺរ៉ុប នៅពេលថ្មីៗនេះ បានទទួលស្គាល់សកម្មភាព រដ្ឋាភិបាលអាមេរិកថ្មី ដែលផ្អាកដាក់ពន្ធគយបន្ថែម លើទំនិញសហភាពអឺរ៉ុប នៅក្នុងជម្លោះដ៏វែងឆ្ងាយមួយ ជុំវិញបញ្ហាពន្ធយន្តហោះ និងបាននិយាយថា ខ្លួនបានត្រៀមលក្ខណៈជាស្រេច ដើម្បីធ្វើការងារដោះស្រាយជម្លោះជំនួញ។
ការិយាល័យតំណាងជំនួញសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ខ្លួនបានព្រមព្រៀងគ្នាជាមួយ ឧស្សាហកម្មសហរដ្ឋអាមេរិកថា វាមិនចាំបាច់នោះទេ ដើម្បីរក្សាពន្ធគយដែល មានស្រាប់លើទំនិញអឺរ៉ុប នៅពេលបច្ចុប្បន្ននេះ។
ដោយត្រូវគេសួរអំពីការសម្រេចចិត្ត កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីនាំពាក្យសហភាពអឺរ៉ុបមួយរូប បាននិយាយថា “សហភាពអឺរ៉ុបត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមជាមួយរដ្ឋបាលសហរដ្ឋអាមេរិក លើមូលដ្ឋាននៃរបៀបវារៈ សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក សម្រាប់ការផ្លាស់ប្តូរពិភពលោក ដែលយើងអនុម័តកាលពីថ្ងៃទី០២ ខែធ្នូ។ គោលបំណងរបស់យើង គឺស្វែងរកដំណោះស្រាយ ចំពោះជម្លោះជំនួញដែលកំពុងតែកើតមាន ដែលរួមទាំងស្តីពីបញ្ហាក្រុមហ៊ុន Airbus និង Boeing“។
គួរបញ្ជាក់ថា ការប្រកាសបែបនេះរបស់សហភាពអឺរ៉ុប គឺត្រូវបានធ្វើឡើង ក្រោយមួយថ្ងៃបន្ទាប់ពីតំណាង ជំនួញសហរដ្ឋអាមេរិក និយាយថា ខ្លួនទន្ទឹងរង់ចាំធ្វើការងារ ជាមួយសម្ពន្ធមិត្តអឺរ៉ុប ដើម្បីដោះស្រាយជម្លោះរយៈពេល១៦ឆ្នាំ ជុំវិញរឿងឧបត្ថម្ភធនដែលផ្តល់ឲ្យដល់ក្រុមហ៊ុន Airbus របស់អឺរ៉ុប និងគូបដិបក្ខអាមេរិក Boeing Co ៕
ប្រែសម្រួល៖ ប៉ាង កុង