បរទេស៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ អាចនឹងកំពុងតែត្រៀមរៀបចំធ្វើ សមយុទ្ធកាំភ្លើងធំទ្រង់ទ្រាយធំមួយ ហើយសកម្មភាពនោះ អាចនឹងប្រារព្ធធ្វើឡើង នៅក្នុងអំឡុងពេលឈប់សម្រាប់ចូលឆ្នាំថ្មី ដែលចាប់ផ្តើមនៅថ្ងៃសុក្រនេះ។
ទីភ្នាក់ងារសារព័ត៌មាន JoongAng Ilbo បានរាយការណ៍ថា អាជ្ញាធរយោធាកូរ៉េខាងត្បូង កំពុងតែធ្វើការឃ្លាំមើលនូវសកម្មភាព ខុសប្រក្រតីនៅក្នុងប្រទេសកូរ៉េខាងជើង ក្រោយមួយថ្ងៃបន្ទាប់ពីលោក គីម ជុងអ៊ុន ផ្តល់សេចក្តីណែនាំស្តីពីគោលនយោបាយ អន្តរកូរ៉េនិងគោលនយោបាយបរទេស ក្នុងពេលប្រជុំគណៈកម្មាធិការបក្សពលករកូរ៉េ។

យោងតាមសេចក្តីរាយការណ៍ ប្រភពជាច្រើនបាននិយាយប្រាប់ថា សកម្មភាពដែលគេបានឃើញកើតមានឡើង នៅក្នុងទីក្រុង Wonsan ប្រទេសកូរ៉េខាងជើង បង្ហាញឲ្យឃើញនូវការត្រៀមរៀបចំ សម្រាប់សមយុទ្ធកំាភ្លើងធំ។
ក្រៅពីនេះ អាជ្ញាធរក្នុងទីក្រុងសេអ៊ូល ក៏បដិសេធពីភាពអាចទៅរួចដែលថា លោក គីម ជុងអ៊ុន នឹងមានវត្តមាននៅក្នុងធ្វើសមយុទ្ធ ហើយប្រភពពីកាសែត JoongAng បាននិយាយថា រថភ្លើងផ្ទាល់ខ្លួនរបស់លោក គីម ជុងអ៊ុន ត្រូវបានគេប្រទះឃើញ នៅក្នុងតំបន់មួយជិតទីក្រុង Wonsan ៕
ប្រែសម្រួល៖ ប៉ាង កុង
