អាមេរិក៖ ការសិក្សាបានបង្ហាញថា ការរស់នៅក្នុងតំបន់ដែល មានពន្លឺសិប្បនិម្មិតខាងក្រៅ កម្រិតខ្ពស់អាចបង្កើនឱកាស នៃការវិវត្តទៅជាជំងឺមហារីកក្រពេញទីរ៉ូអ៊ីត ដោយពន្លឺភ្លើងអ៊ីយូតាអាចបង្កើនហានិភ័យ ដល់ទៅ ៥៥ភាគរយឯណោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
អ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌល វិទ្យាសាស្ត្រសុខាភិបាល នៃសាកលវិទ្យាល័យ Texas បានស្វែងរកការផ្សារភ្ជាប់គ្នារវាង មនុស្សដែលវិវត្តទៅជាជំងឺមហារីកក្រពេញទីរ៉ូអ៊ីត និងកម្រិតនៃពន្លឺខាងក្រៅសិប្បនិម្មិត។ ពួកគេបានមើលទិន្នន័យ ពីក្រុមអ្នកចូលរួមចំនួន ៤៦៤.៣៧១ នាក់បានតាមដានអស់រយៈពេលប្រមាណ ១៣ឆ្នាំ ជាផ្នែកមួយនៃការសិក្សាអំពីសុខភាពរបស់ NIH-AARP បន្ទាប់មកធ្វើការវិភាគលើរូបភាព ផ្កាយរណបដើម្បីប៉ាន់ស្មានកម្រិត នៃពន្លឺនៅតំបន់ដែលប្រជាជនចូលរួមក្នុងការសិក្សា។

ពួកគេបានរកឃើញថា អ្នកដែលរស់នៅតំបន់មានកម្រិតខ្ពស់បំផុត នៃការបំពុលពន្លឺនៅពេលយប់ មានហានិភ័យខ្ពស់ក្នុងការវិវត្ត ទៅជាជំងឺមហារីកក្រពេញទីរ៉ូអ៊ីតជាង ៥៥ ភាគរយ ជាងអ្នកនៅតំបន់ដែលមានពន្លឺតិច។ ពួកគេជឿថា ហេតុផលមួយសម្រាប់ការផ្សារភ្ជាប់គឺថា ពន្លឺនៅពេលយប់បង្ក្រាបមេឡានីន ដែលជាម៉ូឌុលនៃសកម្មភាពអេស្ត្រូសែន អាចមានឥទ្ធិពលប្រឆាំងនឹងដុំសាច់។
អ្នកស្រាវជ្រាវការសិក្សាបាននិយាយថា ជាងមួយសតវត្សរ៍មកហើយ គ្រោងពេលយប់ជាពិសេសនៅក្នុង ទីក្រុងនានាមានការផ្លាស់ប្តូរយ៉ាងខ្លាំង ដោយសារតែការកើនឡើង យ៉ាងឆាប់រហ័សនៃអំពូលអគ្គិសនី។ ការសិក្សាក៏បានរាយការណ៍ ពីការផ្សារភ្ជាប់គ្នារវាងកម្រិតដែលវាស់ ដោយផ្កាយរណបខ្ពស់នៅពេលយប់ និងហានិភ័យនៃជំងឺមហារីកសុដន់កើនឡើង។

ដោយហេតុថា ជំងឺមហារីកសុដន់មួយចំនួន អាចចែករម្លែកបណ្តាញរួមមួយទៅនឹង ជំងឺមហារីកក្រពេញទីរ៉ូអ៊ីត អ្នកនិពន្ធ លោក Qian Xiao និងសហការីបានសម្រេចចិត្តស្វែងរក ការផ្សារភ្ជាប់គ្នារវាងពន្លឺពេលយប់ និងការវិវត្តនៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីត ៕
ដោយ៖ លី ភីលីព
