ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានចុះផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ថា មន្ត្រីមួយរូបមកពីនាយកដ្ឋានឧតុនិយមរបស់ប្រទេសប៉ាគីស្ថាន បានប្រាប់ដល់ស៊ិនហួថា គ្រោះរញ្ជួយដីមួយកម្រិត៦,៤រ៉ិចទ័រ បានវាយប្រហារមកលើតំបន់មួយចំនួនរបស់ប្រទេសប៉ាគីស្ថាន កាលពីយប់ថ្ងៃសុក្រ ។
លោក Muhammad Riaz ដែលជាមន្ត្រីមកពីនាយកដ្ឋានខាងលើបាននិយាយថា មានរញ្ជួយដ៏ខ្លាំង បានកើតឡើងនៅតំបន់ជាច្រើននៃប្រទេស ។ លោកបានឲ្យដឹងទៀតថា ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះត្រូវបានគេកំណត់ទីតាំង នៅតំបន់ព្រំដែនអាហ្វហ្គានីស្ថានតភ្ជាប់មកកាន់ តាហ្ស៊ីគីស្ថាន ដែលមានជម្រៅ៨០គីឡូម៉ែត្រ ។
ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះដែរ នៅឆ្ងាយពីប្រទេសប៉ាគីស្ថាន ដោយបានបង្កឲ្យបាត់បង់អាយុជីវិត ឬខូចខាតទ្រព្យសម្បត្តិ អាចមានតិចតូច ទោះបីជាមានការរញ្ជួយកើតឡើងខ្លាំងក្លា ក្នុងរយៈពេល២-៣នាទីក៏ដោយ ។ គាត់បាននិយាយដូច្នេះ ។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបានឲ្យដឹងថា មានមនុស្សមួយចំនួនបានរងរបួស នៅគ្រាដែលពួកគេបានព្យាយាមរត់គេចពីអគាររបស់ពួកគេនៅក្នុងពេលមានគ្រោះរញ្ជួយដីខ្លាំងកើតឡើង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា