បរទេស ៖ សេតវិមាននៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានអំពាវនាវឲ្យប្រទេសចិន បញ្ចេញទិន្នន័យពីថ្ងៃដំបូង នៃការផ្ទុះឆ្លងជម្ងឺកូវីដ១៩ ដោយនិយាយថា ខ្លួនមានក្តីព្រួយបារម្ភជាខ្លាំង ស្តីពីរបៀប ដែលលទ្ធផល នៃរបាយការណ៍របស់អង្គការ សុខភាពពិភពលោក មានការទាក់ទងគ្នា ។
ទីប្រឹក្សាសន្តិសុខជាតិ សេតវិមាន លោក Jake Sullivan បាននិយាយក្នុងសេចក្តីថ្លែង ការណ៍មួយថា វាជារឿងចាំបាច់ ដែលរបាយការណ៍ គួរតែមានភាពឯករាជ្យ និងគ្មានការផ្លាស់ប្តូរធ្វើឡើង ដោយរដ្ឋាភិបាលចិន ហើយនេះជាការលើកឡើងជាថ្មី នូវក្តីព្រួយបារម្ភ ដែលលើកឡើងដោយរដ្ឋបាល អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។
អគ្គនាយកអង្គការ សុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានមានប្រសាសន៍នៅថ្ងៃសុក្រថា សម្មតិកម្មទាំងអស់ នៅតែបើកចំហស្តីពីប្រភពនៃជម្ងឺកូវីដ១៩ ក្រោយទីក្រុងវ៉ាស៊ីនតោន និយាយថា ខ្លួនចង់ពិនិត្យឡើងវិញ នូវទិន្នន័យពីបេសកកម្ម ដឹកនាំដោយអង្គការសុខភាពពិភពលោក នៅប្រទេសចិន ជាទីផ្ទុះមេរោគកូរ៉ូណាដំបូង។
គួរបញ្ជាក់ថា រដ្ឋបាលរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បាននិយាយថា ខ្លួនសង្ស័យថា មេរោគអាចនឹងចេញមក ពីមន្ទីរពិសោធន៍ចិន ប៉ុន្តែទីក្រុងប៉េកាំងបានធ្វើការ បដិសេធដាច់ខាត ចំពោះការសង្ស័យបែបនោះ៕
ប្រែសម្រួល៖ប៉ាង កុង