ព័ត៌មានអន្តរជាតិ

នាវាផ្ទុកយន្តហោះអ៊ីតាលី ITS Cavour ធ្វើដំណើរទៅដល់វឺជីញ៉ា ដើម្បីទទួលអាជ្ញាប័ណ្ណយន្តហោះ F-35

បរទេស ៖ នាវាផ្ទុកយន្តហោះ ITS Cavour របស់កងទ័ពជើងទឹកអ៊ីតាលី តាមសេចក្តី រាយការណ៍ បានធ្វើដំណើរទៅដល់រដ្ឋវឺជីញ៉ា សម្រាប់ការសាកល្បង នាំទៅរកអាជ្ញាប័ណ្ណចុះចត ដោយសុវត្ថិភាព និងការដំណើរការយន្តហោះចម្បាំង F-35B ។

យោងតាមកងទ័ពជើង ទឹកសហរដ្ឋអាមេរិក បានឲ្យដឹងថា នាវាផ្ទុកយន្តហោះអ៊ីតាលី មានប្រវែង ៨០០ហ្វីត និងមានបុគ្គលិកចំនួន១.២០០នាក់នេះ បានធ្វើដំណើរទៅដល់មូលដ្ឋាន ទ័ពជើងទឹក Naval Station Norfolk រដ្ឋវឺជីញ៉ា កាលពីថ្ងៃសៅរ៍ ដើម្បីចាប់ផ្តើមធ្វើការសាកល្បង ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងនាវាលេខ២ របស់សហរដ្ឋអាមេរិក បាននិយាយប្រាប់ថា នាវាផ្ទុកយន្តហោះ ITS Cavour នេះ នឹងត្រូវបានដឹកនាំ ដោយក្រុមការងារផ្នែកតេស្ត របស់ការិយាល័យកម្មវិធីចម្រុះ F-35 ដែលជាទីភ្នាក់ងារក្រសួងការពារជាតិ សហរដ្ឋអាមេរិកមួយ ធ្វើតេស្តសាកល្បងលើផ្ទៃសមុទ្រ និងសកម្មភាពមុខងានានា ដើម្បីបង្កើតដែនប្រតិបត្តិការហោះហើរសុវត្ថិភាព ។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសអ៊ីតាលី បានបញ្ជាទិញយន្តហោះចម្បាំង F-35B ចំនួន៣០គ្រឿង ដែលជាប្រភេទយន្តហោះហោះឡើង បានលឿននិងចុះចតត្រង់ៗ ដែលប្រើប្រាស់ដោយកងកម្លាំងម៉ារីន សហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top