ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា៖ គោលបំណងរបស់យើង គឺរៀបចំការបោះឆ្នោត និងប្រគល់អំណាច ដល់គណបក្សដែលឈ្នះ

បរទេស៖ យោធាមីយ៉ាន់ម៉ា ក៏បានបញ្ជាក់ផងដែរថា ពួកគេនឹងប្រកាន់ខ្ជាប់ នូវរដ្ឋធម្មនុញ្ញឆ្នាំ ២០០៨ ដែលត្រូវបានអនុម័ត បន្ទាប់ពីការធ្វើប្រជាមតិរដ្ឋធម្មនុញ្ញ ដែលបានធ្វើឡើង ក្នុងឆ្នាំដដែលនោះ។

អ្នកនាំពាក្យកម្លាំងយោធាមីយ៉ាន់ម៉ា បាននិយាយនៅថ្ងៃអង្គារថា កងកម្លាំងប្រដាប់អាវុធ របស់ប្រទេសមីយ៉ាន់ម៉ា គ្មានជំរើសក្រៅពីរឹបអូសយកអំណាច ដោយទទូចថា វាមិនមែនជារដ្ឋប្រហារទេ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់ឧត្តមសេនីយ៍ Zaw Min Tun ថា ការឃុំខ្លួនមេដឹកនាំរដ្ឋាភិបាលស៊ីវិលគឺ ត្រឹមត្រូវ និងសមហេតុផល។

ឧត្តមសេនីយ៍ឯក Zaw Min Tun បានប្រាប់សន្និសីទកាសែតថា “ គោលបំណងរបស់យើង គឺរៀបចំការបោះឆ្នោត និងប្រគល់អំណាច ដល់គណបក្សដែលឈ្នះ” ។

ការអត្ថាធិប្បាយលើការតវ៉ាចុងក្រោយ នៅក្នុងទីក្រុងយ៉ាំងហ្គន របស់ប្រទេសមីយ៉ាន់ម៉ា អ្នកនាំពាក្យបានកត់សម្គាល់ថា ក្រុមអ្នកតវ៉ាបានញុះញង់ ឱ្យមានអំពើហិង្សាប្រឆាំងនឹងប៉ូលិស ក្នុងអំឡុងពេលប្រមូលផ្តុំគ្នា។ អ្នកនាំពាក្យបានបន្ថែមថា ក្នុងអំឡុងពេលនៃការវាយប្រហារ គឺមានមន្រ្តីប៉ូលិសម្នាក់ បានស្លាប់ដោយសាររបួស៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top