ព័ត៌មានអន្តរជាតិ

ណាតូ ៖ កងទ័ព នឹងចាកចេញពី អាហ្វហ្គានីស្ថាន នៅពេលសមស្រប

បរទេស ៖ ក្នុងការត្រៀមរៀបចំសម្រាប់សន្និសីទ រដ្ឋមន្ត្រីការពារជាតិមួយ អគ្គលេខាធិការអង្គការ សម្ពន្ធមិត្តយោធាណាតូ លោក Jens Stoltenberg បាននិយាយប្រាប់នៅថ្ងៃចន្ទនេះថា កងទ័ពរបស់អង្គការណាតូ នឹងមិនចាកចេញពីប្រទេស អាហ្វហ្គានីស្ថាន ក្នុងពេលឆាប់ៗនោះទេ ។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិទាំងអស់៣០រូប របស់ប្រទេសជាសមាជិកណាតូ នឹងធ្វើសន្និសីទ នៅចុងសប្ដាហ៍នេះ សម្រាប់រយៈពេលពីរថ្ងៃ ហើយលោក Stoltenberg បានគូសបង្ហាញរបៀបវារៈនៅថ្ងៃចន្ទ។

លោក Stoltenberg បានមានប្រសាសន៍យ៉ាងដូច្នេះថា “គោលដៅរួមរបស់យើង គឺច្បាស់លាស់ គឺប្រទេស អាហ្វហ្គានីស្ថាន នឹងមិនត្រូវបានប្រើជាជម្រក ដ៏សុខសាន្តសម្រាប់ពួកភេរវករជាថ្មីម្តងទៀត ដើម្បីធ្វើការវាយប្រហារលើទឹកដី កំណើតរបស់យើងនោះទេ ដូច្នោះវត្តមានរបស់យើង គឺផ្អែកលើស្ថានភាព ។ ក្នុងខណៈដែលមិនមានសម្ពន្ធមិត្តណា ចង់ស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ឲ្យយូរលើសពីការចាំបាច់នោះ យើងនឹងមិនចាកចេញនៅមុន ពេលវេលាដ៏សមស្របនោះទេ”។
គួរបញ្ជាក់ថា បេសកកម្មណាតូ ក្នុងប្រទេស អាហ្វហ្គានីស្ថាន បានចាប់ផ្តើម នៅក្នុងឆ្នាំ២០០១ ជាមួយកងកម្លាំងជំនួយ សន្តិសុខអន្តរជាតិ ហើយស្របពេល ដែលណាតូទទួលខុស ត្រូវធ្វើការហ្វឹកហាត់ដល់យោធា និងបុគ្គលិកសន្តិសុខ អាហ្វហ្គានីស្ថាននោះ ក៏បានចូលរួមក្នុងការប្រយុទ្ធប្រឆាំង ការប៉ះបោររបស់ពួកតាលីបង់ផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top