បរទេស៖ ក្រសួងការពារជាតិ អាមេរិកបានព្យាយាមកាត់បន្ថយ ការពឹងផ្អែករបស់ខ្លួនលើ រ៉ែកម្រនៅលើផែនដី របស់ចិន ចាប់តាំងពីឆ្នាំ ២០១៩ ចំពេលមានភាពតានតឹង រវាងប្រទេសទាំងពីរ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការផ្សាយ របស់កាសែត The Financial Times ថា រដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងពិចារណាលើការដាក់កម្រិត លើរ៉ែកម្រនៅលើផែនដី ដែលមានសារៈសំខាន់ សម្រាប់ក្រុមហ៊ុនផលិតសម្ភារៈការពារជាតិ របស់សហរដ្ឋអាមេរិក។
ដោយដកស្រង់សំដីទីប្រឹក្សារដ្ឋាភិបាលចិន សុំមិនបញ្ចេញអត្តសញ្ញាណបាននិយាយថា « រដ្ឋាភិបាលចង់ដឹងថាតើសហរដ្ឋអាមេរិកអាចនឹងមានបញ្ហាក្នុងការផលិតយន្ដហោះចម្បាំង F-35 ទេ ប្រសិនបើចិនដាក់បំរាមនាំចេញ»។
ធាតុនៅលើផែនដីដ៏កម្រដូចជា yttrium, dysprosium, samarium និង neodymium មានសារៈសំខាន់ណាស់សម្រាប់ឧស្សាហកម្មការពារជាតិ ទំនើបរបស់សហរដ្ឋអាមេរិក។ សារធាតុទាំងនេះត្រូវបានប្រើនៅក្នុងការសិក្សា ពីកាំរស្មីពន្លឺនិងគំហើញ ប្រព័ន្ធណែនាំមីស៊ីល និងប្រព័ន្ធត្រួតពិនិត្យមីស៊ីល ទំនាក់ទំនងផ្កាយរណប និងកម្មវិធីបច្ចេកវិទ្យាខ្ពស់ផ្សេងទៀត។
យោងតាមក្រសួងការពារជាតិសហរដ្ឋអាមេរិក គឺរាល់យន្តហោះចម្បាំងបំបាំងកាយពហុតួនាទី ប្រភេទ F-35 ជំនាន់ទី ៥ តម្រូវឱ្យមាន ៩២០ ផោន (ប្រហែល ៤១៧ គីឡូក្រាម) នៃវត្ថុធាតុដើម ដែលជាធាតុកម្រនៅលើផែនដី សម្រាប់ផលិត ខណៈដែលនាវាពិឃាត DDG-51 Arleigh Burke-class និង នាវាមុជទឹក SSN-774 Virginia-class ត្រូវការ ៥.២០០ ផោន (២.៣៥៨ គីឡូក្រាម) និង ៩.២០០ ផោន (៤.១៧៣ គីឡូក្រាម) រៀងៗខ្លួន៕
ប្រែសម្រួលៈ ណៃ តុលា