បរទេស ៖ យោងតាមយោធា របស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបន្តពង្រីកទីតាំង មីស៊ីលរបស់ខ្លួន និងបានបង្កើនឃ្លាំមើល នៅតាមតំបន់ព្រំដែន ក្រោយពីមានការបរាជ័យ ស្តីពីកិច្ចពិភាក្សានុយក្លេអ៊ែមក ។
ទីភ្នាក់ងារសារព័ត៌មាន Newsis បានឲ្យដឹងថា ក្រសួងការពារជាតិ របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយក្នុងបាយការណ៍មួយ ដែលប្រគល់ឲ្យសភាជាតិនៅថ្ងៃពុធនេះថា ទីក្រុងព្យុងយ៉ាង បានបង្កើនការវិនិយោគ ក្នុងទីតាំងស្រាវជ្រាវ និងអភិវឌ្ឍន៍មីស៊ីល ។
របាយការណ៍នោះបាននិយាយថា ទីតាំងកូរ៉េខាងជើងផ្សេងទៀត អាចនឹងត្រូវអសកម្ម ហើយយោងតាមការវាយតម្លៃ របស់យោធាកូរ៉េខាងត្បូង មិនមានប្រទះឃើញនិន្នាការខុស ប្រក្រតីនោះទេ ចាប់តាំងពីការរំលាយចោល ទីតាំងតេស្តនុយក្លេអ៊ែ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានកាត់ផ្តាក់ទំនាក់ទំនងភាគច្រើន ជាមួយពិភពលោកខាងក្រៅ ហើយទីក្រុងសេអ៊ូលនិយាយថា ប្រទេសនេះបានពង្រឹងសន្តិសុខព្រំដែន នៅតាមតំបន់ឆ្នេរ និងតាមតំបន់ព្រំប្រទល់ ទន្ទឹមនឹងការធ្វើការហ្វឹកហាត់នៅរដូវរងារ ៕
ប្រែសម្រួល៖ប៉ាង កុង