បរទេស ៖ រដ្ឋបាលលោក បៃដិន បាននិយាយនៅថ្ងៃពុធ សប្ដាហ៍នេះថា នឹងមានផលវិបាកចំពោះក្រុម ដែលនៅពីក្រោយការវាយប្រហារ ដោយគ្រាប់រ៉ុកកែត កាលពីថ្ងៃចន្ទ នៅក្នុងប្រទេសអ៊ីរ៉ាក់ ភាគខាងជើង សម្លាប់អ្នកម៉ៅការស៊ីវិលម្នាក់ និងរបួសជាច្រើននាក់ ។
អាជ្ញាធរយោធាសហរដ្ឋអាមេរិក បាននិយាយថា តិចបំផុតមានគ្រាប់រ៉ុកកែត១០៧មីលីម៉ែត្រចំនួន១៤គ្រាប់ កាលពីយប់ថ្ងៃចន្ទ ត្រូវបានបាញ់ទៅលើ អាកាសយានដ្ឋាន Erbil ដោយ៣គ្រាប់វាយប្រហារ ចំមូលដ្ឋានអាមេរិក និងសម្លាប់អ្នកម៉ៅការស៊ីវិល មិនមែនជនជាតិអាមេរិកម្នាក់ ហើយជនជាតិ អាមេរិកចំនួន៥នាក់ បានរងរបួសនៅក្នុងការ វាយប្រហារនោះ ដោយរួមមានទាំងសមាជិកសេវាកម្ម អាមេរិកម្នាក់ផង ។
នៅថ្ងៃពុធសប្ដាហ៍នេះ លោក Ned Price ជាមន្ត្រីនាំពាក្យក្រសួងការបរទស អាមេរិក បានប្រាប់អ្នកសារព័ត៌មាន នៅក្នុងអំឡុងសន្និសីទកាសែតថា ការស៊ើបអង្កេតចំពោះការវាយប្រហារ លើកងកម្លាំងចម្រុះដឹកនាំ ដោយសហរេដ្ឋអាមេរិក ក្នុងទីក្រុង Erbil នៅតំបន់ឃឺដអ៊ីរ៉ាក់នោះ កំពុងតែប្រព្រឹត្តទៅ ប៉ុន្តែថា នឹងមានការឆ្លើយតបនៅពេល ដែលពិរុទ្ធជនត្រូវបានកំណត់។
លោកមានប្រសាសន៍យ៉ាងដូច្នេះថា “វាយុត្តិធម៌ដើម្បីនិយាយថា នឹងមានផលវិបាកចំពោះក្រុមណាមួយ ដែលត្រូវទទួលខុសត្រូវចំពោះការវាយប្រហារនេះ ។ ដូចដែលខ្ញុំបាននិយាយប្រាប់ កាលពីម្សិលមិញ ដៃគូឃឺដរបស់យើង ដៃគូអ៊ីរ៉ាក់របស់យើង ទាំងអស់គ្នា ពួកគេកំពុងតែធ្វើការងារលើការស៊ើបអង្កេតនេះ ដើម្បីកំណត់រកបុគ្គលត្រូវទទួលខុសត្រូវពិតប្រាកដ ហើយការឆ្លើយតបណាមួយ ដែលយើងនឹងធ្វើ នឹងសហការគ្នាយ៉ាងពេញលេញ ជាមួយរដ្ឋាភិបាលរបស់ប្រទេសអ៊ីរ៉ាក់ និងជាមួយដៃគូកងកម្លាំងចម្រុះរបស់យើង” ៕
ប្រែសម្រួល៖ប៉ាង កុង