បាងកក៖ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ mRNA ដែលត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យជូឡាឡុងកន នៃប្រទេសថៃ ត្រូវបានគេគ្រោងនឹងចូលទៅដំណាក់កាលដំបូងនៃការសាកល្បងលើមនុស្សក្នុងពេលឆាប់ៗ នេះបើយោងតាមមន្ត្រីសាកលវិទ្យាល័យ។
នៅក្នុងសន្និសីទកាសែតកាល ពីថ្ងៃព្រហស្បតិ៍លោក Kiat Ruxrungtham ដែលទទួលបន្ទុកគម្តោងអភិវឌ្ឍន៍វ៉ាក់សាំងរបស់សាកលវិទ្យាល័យបានបញ្ជាក់ថា វ៉ាក់សាំង mRNA ChulaCov19 នឹងត្រូវសាកល្បងលើមនុស្សនៅចុងខែមេសា ឬដើមខែឧសភា បន្ទាប់ពីលទ្ធផលគួរឱ្យពេញចិត្តនៃការសាកល្បងមុនៗ ជាមួយសត្វកណ្តុរ។
លោកបានលើកឡើងថា ប្រសិនបើការសាកល្បងលើមនុស្សជាមួយនឹងវ៉ាក់សាំង mRNA ទទួលបានជោគជ័យក្រុមហ៊ុនថៃ Bionet Asia នឹងផលិតវ៉ាក់សាំងចន្លោះពី ១ ទៅ ៥លានដូសនៅចុងឆ្នាំនេះ។
នៅក្នុងនោះដែរលោកបានបន្ថែមថា សាកលវិទ្យាល័យនៅតែកំពុងធ្វើការបង្កើតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលត្រូវបានធ្វើបច្ចុប្បន្នភាព ដើម្បីប្រឆាំងនឹងឆ្លងទម្រង់ថ្មី៕
ដោយ ឈូក បូរ៉ា