បរទេស ៖ ប្រទេសតួកគី នៅពេលថ្មីៗនេះ បានជួលក្រុមហ៊ុនច្បាប់មានមូលដ្ឋាននៅក្នុងទីក្រុងវ៉ាស៊ីនតោនមួយ ដើម្បីឲ្យជួយចរចាឲ្យខ្លួនបានវិលចូលក្នុងកម្មវិធីយន្តហោះចម្បាំងអាមេរិក F-35 ក្រោយពីត្រូវព្យួរឈ្មោះ ជុំវិញការទិញប្រព័ន្ធការពារដែនអាកាសពីរុស្ស៊ី។
គួរបញ្ជាក់ថា ទីក្រុងអង់ការ៉ា បានបញ្ជាទិញយន្តហោះចម្បាំងបំបាំងកាយ F-35 ជាង១០០គ្រឿង និងបានចូលរួមផ្នែកនៃផលិតកម្មយន្តហោះនោះ ប៉ុន្តែត្រូវបានដកចេញពីកម្មវិធី នៅក្នុងឆ្នាំ២០១៩ ក្រោយទិញយកប្រព័ន្ធការពារដែនអាកាស S-400 ពីប្រទេសរុស្ស៊ី ដែលទីក្រុងវ៉ាស៊ីនតោននិយាយថា គម្រាមកំហែងដល់យន្តហោះចម្បាំង F-35។
តាមសេចក្តីរាយការណ៍ តួកគីបានជួលក្រុមហ៊ុនច្បាប់ Arnold & Porter ដើម្បីឲ្យណែនាំយុទ្ធសាស្ត្រ និងទាក់ទងជាមួយអាជ្ញាធរសហរដ្ឋអាមេរិក ក្នុងកុងត្រារយៈពេល៦ខែ ដែលមានទំហំទឹកប្រាក់៧៥០.០០០ដុល្លារ ចាប់ផ្តើមពីខែនេះទៅ។
ទីក្រុងអង់ការ៉ា បាននិយាយថា ការដកខ្លួនចេញពីកម្មវិធីយន្តហោះចម្បំាង F-35 គឺជារឿងអយុត្តិធម៌ ហើយលោកប្រធានាធិបតី Tayyip Erdogan បានមានប្រសាសន៍ថា លោកសង្ឃឹមថា មានការវិវត្តវិជ្ជមាន ក្រោយការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន៕ ប្រែសម្រួល៖ប៉ាង កុង