បរទេស៖ ប្រទេសវៀតណាមបានចរចា ដើម្បីទទួលបាននូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ៦០ លានដូស ក្នុងចំណោមវ៉ាក់សាំងចំនួន ១៥០ លានដូស ដែលត្រូវការសម្រាប់ឆ្នាំនេះ ដើម្បីគ្របដណ្តប់ ៧០ ភាគរយនៃប្រជាជនចំនួន ៩៨ លាននាក់របស់ខ្លួន។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងសុខាភិបាលវៀតណាម បានចរចាជាមួយ Covax ដែលជាយន្ដការសកលសម្រាប់ការអភិវឌ្ឍ ផលិតកម្មនិងការទទួលយកបេក្ខជនវ៉ាក់សាំង ដែលជួយប្រទេសជាសមាជិកទទួលបានវ៉ាក់សាំងនៅពេលពួកគេអាចប្រើបាន ដើម្បីផ្តល់ឱ្យប្រទេសវៀតណាម នូវការចាក់វ៉ាក់សាំងចំនួន ៣០ លានដូស ក្នុងឆ្នាំនេះ។ លោក Nguyen Thanh Long រដ្ឋមន្រ្តីសុខាភិបាលវៀតណាម បានប្រាប់កិច្ចប្រជុំកាលពីថ្ងៃសុក្រ។
លោកបន្ថែមថា លើសពីនេះទៀតក្រុមហ៊ុនអង់គ្លេស AstraZeneca បានសន្យាផ្តល់ឱ្យប្រទេសវៀតណាមនូវវ៉ាក់សាំង Oxford / AstraZeneca ប្រហែល ៣០ លានដូសនៅឆ្នាំនេះ។
ការចាក់វ៉ាក់សាំងដំបូងចំនួន ២០៤.០០០ ដូសដំបូងគ្រោងនឹងមកដល់ប្រទេសនេះនៅថ្ងៃទី ២៨ ខែកុម្ភៈ។
ក្រៅពីកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន AstraZeneca ប្រទេសវៀតណាមក៏កំពុងបង្កើន ការចរចារជាមួយក្រុមហ៊ុន Pfizer និង Moderna របស់អាមេរិករួមជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងផ្សេងទៀត នៅក្នុងប្រទេសរុស្ស៊ីនិងប្រទេសមួយចំនួនទៀត ដើម្បីធានានូវចំនួនថ្នាំបង្ការសរុបចំនួន ១៥០ លានដូស សម្រាប់ ៧០ ភាគរយនៃប្រជាជនរបស់ប្រទេសនៅឆ្នាំនេះ៕
ប្រែសម្រួលៈ ណៃ តុលា