បរទេស៖ យន្តហោះដំបូងមួយគ្រឿង ក្នុងចំណោមយន្តហោះទម្លាក់គ្រាប់ B-1B ចំនួន១៧គ្រឿង ដែលនឹងត្រូវដាក់ឲ្យចូលនិវត្តន៍នៅឆ្នាំនេះនោះ បានធ្វើការហោះហើរជាលើកចុងក្រោយ ទៅកាន់មូលដ្ឋានកងទ័ពអាកាស Davis-Monahan រដ្ឋអារីសូណា នៅក្នុងសប្ដាហ៍នេះ។
តាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា យន្តហោះនោះ ត្រូវបានប្រគល់ឲ្យក្រុមជួសជុលយន្តហោះនិងបង្កើតឡើងវិញលេខ៣០៩ នៅផ្នែកនៃមូលដ្ឋាន ដែលគេស្គាល់ថា “ទីធ្លាឆ្អឹង”។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ មេបញ្ជាការនៃទីបញ្ជាការវាយប្រហារសកលរបស់កងទ័ពអាកាស លោកឧត្តមសេនីយ៍ Tim Ray បានមានប្រសាសន៍ថា “ការចាប់ផ្តើមដាក់ឲ្យចូលនិវត្តន៍យន្តហោះជាកេរមត៌ក ដើម្បីបើកផ្លូវឲ្យយន្តហោះ B-21 Raider នេះ គឺជារឿងដែលយើងកំពុងតែធ្វើការឆ្ពោះទៅរកពេលវេលាមួយ”។
គួរបញ្ជាក់ថា យន្តហោះដែលគេស្គាល់តាមលេខស៊ែរី 85-0066 នោះ បានចាកចេញពីមូលដ្ឋានកងទ័ពអាកាស Ellsworth រដ្ឋដាកូតាខាងត្បូង កាលពីថ្ងៃពុធ ហើយការដាក់ឲ្យចូលនិវត្តន៍ ដើម្បីបើកផ្លូវឲ្យយន្តហោះចម្បាំងថ្មី B-21៕
ប្រែសម្រួល៖ប៉ាង កុង