ព័ត៌មានអន្តរជាតិ

អាមេរិកព្រួយបារម្ភថា ច្បាប់ការពារដែនសមុទ្រចិនថ្មី អាចធ្វើឲ្យមានជម្លោះដែន សមុទ្រកាន់តែខ្លាំង

បរទេស ៖ ក្រសួងការបរទេសអាមេរិក បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា សហរដ្ឋអាមេរិកមានក្តីព្រួយបារម្ភ ចំពោះច្បាប់ការពារដែនសមុទ្រ ទើបតែអនុម័តថ្មីៗនេះរបស់ចិន និងថា វាអាចនឹងបង្កើនជម្លោះដែនសមុទ្រ និងអាចបង្កឲ្យមានការអះអាង កម្មសិទ្ធិខុសច្បាប់ ។

ប្រទេសចិន ដែលមានជម្លោះអធិបតេយ្យភាពដែនសមុទ្រ ជាមួយប្រទេសជប៉ុន នៅដែនសមុទ្រចិនខាងកើត និងជាមួយប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន នៅដែនសមុទ្រចិនខាងត្បូង បានអនុម័តច្បាប់មួយ កាលពីខែមុន ដែលជាលើកដំបូង អនុញ្ញាតជាក់ស្តែងឲ្យកងកម្លាំង ការពារដែនសមុទ្រ បាញ់នាវាបរទេសនានា ។

មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បាននិយាយប្រាប់សន្និសីទកាសែតមួយថា ទីក្រុងវ៉ាស៊ីនតោន មានក្តីព្រួយបារម្ភនៅក្នុងច្បាប់ ដែលពាក់ព័ន្ធជាក់ស្តែង ចំពោះកាប្រើប្រាស់កម្លាំង រួមបញ្ចូលទាំងកម្លាំងប្រដាប់អាវុធ ដោយកងកម្លាំងការពារដែនសមុទ្រចិន ចំពោះការអនុវត្តការអះអាងកម្មសិទ្ធិចិន និងជម្លោះទឹកដីនិងដែនសមុទ្រ នៅក្នុងសមុទ្រចិនខាងកើតនិងសមុទ្រចិនខាងត្បូង។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក មានសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក ជាមួយប្រទេសជប៉ុន និងហ្វីលីពីន និងបានធ្វើប្រតិបត្តិការល្បាតទ័ពជើងទឹក ជាប្រក្រតី នៅក្នុងតំបន់ ដើម្បីប្រជែងនងការអះអាង កម្មសិទ្ធដែនសមុទ្ររបស់ចិន ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top