ព័ត៌មានអន្តរជាតិ

អាមេរិក និងជប៉ុន ចាប់ផ្តើមសមយុទ្ធ ខែលការពារធន់២០២១

បរទេស ៖ សមយុទ្ធខែល ការពារដ៏ធន់២០២១ ដែលជាសមយុទ្ធមានមូលដ្ឋាន ផ្អែកលើកុំព្យូទ័រ ចូលរួមដោយសហរដ្ឋអាមេរិក និងប្រទេសជប៉ុននោះ តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមប្រព្រឹត្តទៅ នៅថ្ងៃចន្ទសប្ដាហ៍នេះ ក្រោយមួយសប្ដាហ៍បន្ទាប់ពីនាវាចិន បានធ្វើដំណើរឆ្លងកាត់ តាមដែនទឹកជប៉ុន ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កងទ័ពជើងទឹក បាននិយាយប្រាប់នៅថ្ងៃចន្ទថា សមយុទ្ធនោះ គឺផ្តោតសំខាន់លើកលយុទ្ធ បច្ចេកទេស និងទម្រង់ការរបស់កងទ័ពជើងទឹក សហរដ្ឋអាមេរិក សម្រាប់កិច្ចការពារមីស៊ីលផ្លោង និងធ្វើឲ្យប្រាកដថា កងកម្លាំងជប៉ុននិងអាមេរិក មានការហាត់សមយ៉ាងល្អ នៅពេលធ្វើប្រតិបត្តិការ ។

មន្ត្រីកងទ័ពជើងទឹក សហរដ្ឋអាមេរិក បាននិយាយប្រាប់ថា ព្រឹត្តិការណ៍ប្រចាំឆ្នាំនាឆ្នាំនេះ មានការចូលរួម ដោយ មជ្ឈមណ្ឌលទីបញ្ជាការរបស់កងទ័ពជើងទឹក សហរដ្ឋអាមេរិក និងកងកម្លាំងការពារដែន សមុទ្រនិងដែនអាកាសជប៉ុន ចំនួន៧៧ ក្នុងសមយុទ្ធមានរយៈពេល៤ថ្ងៃ ។

គួរបញ្ជាក់ថា នៅក្នុងខែកុម្ភៈនេះផងដែរ កងទ័ពជើងទឹកអាមេរិក បានប្រកាសពីការបញ្ចប់ សមយុទ្ធសង្គ្រាមមីនរយៈពេល៩ថ្ងៃមួយ នៅក្បែរតំបន់ឆ្នេរជប៉ុន ដែលរចនាបង្កើតឡើង ដើម្បីបង្កើនជំនាញ របស់គ្នាទៅវិញទៅមក ក្នុងប្រតិបត្តិការចាត់វិធានការ ប្រឆំាងគ្រាប់មីន៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top