ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្រកាសបង្កើនការចម្រាញ់ សាធាតុអ៊ុយរ៉ាញ៉ូម រហូតដល់ ៦០ភាគរយ ប្រសិនបើចាំបាច់

តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei បានលើកឡើងថាប្រទេសអ៊ីរ៉ង់ នឹងបង្កើនការចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន ជាមួយនឹងការផ្លាស់ប្តូរ តម្រូវការរបស់ប្រទេស ដែលអាចបង្កើនរហូតដល់ ៦០ភាគរយ ប្រសិនបើចាំបាច់។

លោកបានលើកឡើងថា ប្រទេសអ៊ីរ៉ង់ នឹងមិននៅមានកម្រិត ចំពោះការចម្រាញ់អ៊ុយរ៉ាញ៉ូម ២០ ភាគរយនោះទេ លទ្ធភាពនៃការបង្កើនការចម្រាញ់ឡើងដល់ ៦០ ភាគរយស្របតាមតម្រូវការរបស់ប្រទេស ប៉ុន្ដែមេដឹកនាំកំពូលរូបនេះ បានកត់សម្គាល់ថា “អ៊ីរ៉ង់មិនកំពុងស្វែងរក ការផលិតអាវុធនុយក្លេអ៊ែរនោះទេ” ។

នៅក្នុងខែមករា ប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើមដំណើរការ ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ២០ ភាគរយ ដែលជាផ្នែកមួយ នៃផែនការសកម្មភាពយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ ដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្ម ដែលត្រូវបានអនុម័ត ដោយសភាកាលពីខែធ្នូ ឆ្នាំ២០២០ ។

ច្បាប់របស់សភាអ៊ីរ៉ង់ ក៏បានតម្រូវឲ្យរដ្ឋាភិបាលអ៊ីរ៉ង់ បញ្ឈប់ការអនុវត្តពិធីសារបន្ថែម របស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈតទៅផងដែរ៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top