ព័ត៌មានអន្តរជាតិ

យូអិន ជំរុញកូឡំប៊ីបំពេញកិច្ច ព្រមព្រៀងសន្តិភាព

បរទេស ៖ អង្គភាពសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បាននិយាយប្រាប់ថា រដ្ឋាភិបាលរបស់ប្រទេសកូឡំប៊ី ត្រូវតែធ្វើឲ្យប្រសើរឡើង នូវកិច្ចការពារសកម្មជន សិទ្ធិមនុស្ស និងជនស៊ីវិល ត្រូវតែមានវត្តមានកាន់តែច្រើនឡើង នៅក្នុងតំបន់ដាច់ស្រយ៉ាលក្រីក្រ និងអនុវត្តទាំងស្រុង នូវកិច្ចព្រមព្រៀងសន្តិភាពជាមួយពួកឧទ្ទាម FARC ដើម្បីទប់ស្កាត់អំពើហិង្សា ។

ការិយាល័យឧត្តមស្នងការ ទទួលបន្ទុកបញ្ហាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ បានចុះប្រាប់ពីការសម្លាប់សកម្មជន និងមេដឹកនាំសហគមន៍នានា ចំនួន១៣៣ករណី កាលពីឆ្នាំមិញនេះ គឺបានកើនឡើងចំនួន២៥នាក់ បើប្រៀបទៅនឹងឆ្នាំមុននោះ ។

អង្គភាពអង្គការសហប្រជាជាតិនេះ បាននិយាយប្រាប់ថាការអនុវត្តទាំងស្រុង នូវកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៦ ជាមួយកងកម្លាំងប្រដាប់អាវុធ បដិវត្តន៍របស់ពួកឧទ្ទាមកូឡំប៊ី ដែលដំបូងឡើយ បាននាំឲ្យមានការថយចុះក្នុងអំពើហិង្សានោះ គឺជាគន្លឹះសំខាន់ ចំពោះការទប់ស្កាត់អំពើហិង្សា។

លោក Juliette de Rivero ជាតំណាងប្រចាំប្រទេសកូឡំប៊ី របស់ការិយាល័យអង្គការសហប្រជាជាតិ បានមានប្រសាសន៍យ៉ាងដូច្នេះថា “រឿងសំខាន់បំផុតនោះ គឺការដាក់កិច្ចព្រមព្រៀងសន្តិភាពឲ្យនៅកណ្ដាលនៃការឆ្លើយតប របស់រដ្ឋាភិបាល ដោយពង្រឹងយន្តការបង្កើត ដោយកិច្ចព្រមព្រៀង សម្រាប់ស្ថានភាពបែបនេះ” ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top