ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ឈានដល់ដំណាក់ កាលចុងក្រោយហើយ ក្នុងការផលិតដ្រូន វាយប្រហារដ៏ទំនើបដំបូង បំផុតរបស់ខ្លួន

តេអេរ៉ង់ ៖ មេបញ្ជាការ កងទ័ព អាកាសអ៊ីរ៉ង់លោក Aziz Nasirzadeh បានប្រកាសនៅថ្ងៃពុធម្សិលមិញនេះថា ប្រទេសអ៊ីរ៉ង់ កំពុងស្ថិតនៅក្នុង ដំណាក់កាលចុងក្រោយ នៃការផលិតយន្ដហោះចម្បាំង គ្មានមនុស្សបើក (យន្ដហោះដ្រូន) ដ៏ធំទូលាយដំបូងបង្អស់របស់ខ្លួន ដែលអាចហោះហើរ បានចម្ងាយ ៣,០០០ គីឡូម៉ែត្រ។

លោកត្រូវ បានដកស្រង់សម្ដី ដោយសារព័ត៌មាន Press TV ឲ្យដឹងថា យន្តហោះដែលមានឈ្មោះកូដ Kaman-22 ត្រូវបានគេរចនា និងអភិវឌ្ឍស្របតាមតម្រូវការ របស់កងទ័ពអាកាសអ៊ីរ៉ង់ ក្នុងគ្រាដែលប្រទេសនេះ កំពុងមានវិបត្ដិការទូត និហការជាប់គាំងកិច្ចព្រមព្រៀង នុយក្លេអ៊ែរជាមួយអាមេរិក។

យន្ដហោះដ្រូនចម្បាំង Kaman-22 ត្រូវបានបំពាក់ដោយគ្រាប់រំសេវ ឆ្លាតវៃផ្សេងៗគ្នាក៏ដូចជាឧបករណ៍សង្គ្រាម ចម្បាំងអុបទិក និងអេឡិចត្រូនិកផ្សេងៗទៀត ដែលមានសមត្ថភាព វាយប្រហារចំគោលដៅយ៉ាង មានប្រសិទ្ធភាព។

យោងតាមរបាយការណ៍បានបង្ហាញថា យន្ដហោះដ្រូននេះមានលក្ខណៈពិសេសជាមួយការឃ្លាំមើល និងគុណប្រយោជន៍ នៃការប្រមូលព័ត៌មាន និងមានសមត្ថភាពថតរូបពីគោលដៅឆ្ងាយ។ លោក Nasirzadeh បានបន្ថែមថា“ យន្តហោះនេះ នឹងចូលរួមចំណែកសមត្ថភាព ប្រយុទ្ធខ្ពស់បន្ថែមទៀង ដល់កងទ័ពអាកាសអ៊ីរ៉ង់”៕

ដោយ ឈូក បូរ៉ា

Most Popular

To Top