បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា អជ្ញាធរគ្រប់គ្រងចំណីអាហារនិងឧិសថរបស់អាមេរិក FDA បានធ្វើការអះអាងហើយថាវ៉ាក់សាំងតែមួយដូសរបស់វ៉ាក់សាំង Johnson&Johnson នឹងគ្រប់គ្រាន់សម្រាប់ការការពារ
វិរុសកូវីដយ៉ាងមានប្រសិទ្ធភាពបំផុត។
ប្រភពដដែលបានសរសេរទៀតថា ក្រោយការប្រកាសនេះមានន័យថា Johnson&Johnson នឹងមានលទ្ធភាពកាន់តែច្បាស់ក្នុងការក្លាយខ្លួនទៅ ជាវ៉ាក់សាំងទី៣ដែលត្រូវបានអាមេរិកទទួលស្គាល់ ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះប៉ុណ្ណោះ។
លើសពីនេះ Johnson&Johnson នឹងក្លាយទៅជាវ៉ាក់សាំងសម្រាប់ជំនួសវ៉ាក់សាំង Pfizer និង Moderna បើនិយាយអំពីតម្លៃរបស់វាផងហើយជាពិសេសគឺអាចស្តុកទុកជាមួយនឹងទូរក្លាសេធម្មតា ជាជាងទូកកដូចវ៉ាក់សាំងទាំងពីរនេះ។
ក្រុមហ៊ុនក៏បានប្រកាសដែរថាខ្លួននឹងបរិចា្ចគវ៉ាក់សាំង១០០លានដូសជូនសហរដ្ឋអាមេរិកនៅត្រឹមខែមិថុនាខណៈដែលអ៊ឺរ៉ុបអង់គ្លេសនិងកាណាដាក៏បានធ្វើការបញ្ជាទិញវ៉ាក់សាំងរបស់ខ្លួនផងដែរហើយក្នុងនោះប្រមាណជា៥០០លានដូសត្រូវបានធ្វើឡើងតាមរយៈកម្មវិធី COVAXដែលប្រើប្រាស់សម្រាប់ បណ្តាប្រទេសក្រីក្រ៕ ប្រែសម្រួល៖ស៊ុនលី