រ៉ង់ហ្គូន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាន រាយការណ៍ថាមេដឹកនាំនៃរបបយោធារបស់ប្រទេសមីយ៉ាន់ម៉ា បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងខ្លាំក្លា ដើម្បីស្តារសេដ្ឋកិច្ច ដែលកំពុងមានភាពទន់ខ្សោយឡើងវិញ ខណៈដែលបណ្តាប្រទេសលោកខាងលិច បានពិចារណាលើការដាក់ ទណ្ឌកម្មបន្ថែមទៀត ដើម្បីជំរុញឱ្យឧត្តមសេនីយ៍ បញ្ឈប់ការបង្ក្រាបដោយហិង្សាលើបាតុកម្មប្រជាធិបតេយ្យ។
ការអំពាវនាវឱ្យផ្តោតលើសេដ្ឋកិច្ចបានកើតឡើង បន្ទាប់ពីមានការផ្ទុះកូដកម្មជាទូទៅមួយ ដែលបានបិទអាជីវកម្មកាលពីថ្ងៃច័ន្ទ ហើយហ្វូងមនុស្សយ៉ាងច្រើន បានប្រមូលផ្ដុំគ្នា ដើម្បីប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ របស់យោធា និងទាមទារឱ្យមានការដោះលែង មេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី ទោះបីជាមានការព្រមានពីអាជ្ញាធរថា ការប្រឈមមុខគ្នាអាចធ្វើឱ្យមនុស្សស្លាប់។
ក្រុមអ្នកប្រឆាំងនឹងរដ្ឋប្រហារបានប្រមូលផ្តុំគ្នាម្តងទៀតកាលពីថ្ងៃអង្គារទោះបីជាមានចំនួនតិចក៏ដោយ។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ក៏មានការហែក្បួនតូចៗក្នុងការគាំទ្រដល់យោធាផងដែរ ប៉ុន្ដែមិនមានរបាយការណ៍អំពីអំពើហិង្សានោះទេ។
មេបញ្ជាការយោធាលោកឧត្តមសេនីយ៍ Min Aung Hlaing នៅក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាកាន់អំណាចរបស់លោក កាលពីថ្ងៃចន្ទបានអំពាវនាវឱ្យមានការចំណាយ និងការនាំចូលរបស់រដ្ឋ កាត់បន្ថយ និងការនាំចេញកើនឡើង។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់សម្តីលោកដោយលើកឡើងថា “ក្រុមប្រឹក្សាចាំបាច់ត្រូវដាក់ថាមពលរបស់ខ្លួន ដើម្បីស្តារសេដ្ឋកិច្ច ដែលកំពុងទន់ខ្សោយរបស់ប្រទេស ហើយវិធានការដោះស្រាយសេដ្ឋកិច្ចត្រូវតែមាន” ។
កងទ័ពបានដណ្តើមអំណាចបន្ទាប់ពីបានចោទប្រកាន់ការក្លែងបន្លំនៅក្នុងការបោះឆ្នោតថ្ងៃទី០៨ ខែវិច្ឆិកា ដោយបានឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងមេដឹកនាំគណបក្សជាច្រើនរូបទៀត នៅក្នុងនោះដែរគណៈកម្មការរៀបចំការបោះឆ្នោត បានច្រានចោលពាក្យបណ្តឹងនៃការលួចបន្លំសន្លឹកឆ្នោតនោះ៕ដោយ ឈូក បូរ៉ា