រ៉ង់ហ្គូន ៖ រដ្ឋមន្រ្តីការបរទេស ដែលតែងតាំងដោយយោធា របស់ប្រទេសមីយ៉ាន់ម៉ា លោក Wunna Maung Lwin បានជួបជាមួយសមភាគី ឥណ្ឌូណេស៊ី និងថៃ កាលពីថ្ងៃពុធ នៅទីក្រុងបាងកក ជាកន្លែងដែលអ្នកទាំង៣ បានពិភាក្សាអំពីវិធី ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិនយោបាយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ដោយលាតត្រដាង ប្រាប់ក្រុមអ្នកសារព័ត៌មាន នូវកិច្ចប្រជុំ ៣ ផ្លូវដែលបានធ្វើឡើងនៅអាកាសយានដ្ឋាន ដនមឿង នៅរដ្ឋធានីថៃ រដ្ឋមន្ត្រីការបរទេស ឥណ្ឌូនេស៊ីលោកស្រី Retno Marsudi បានលើកឡើងថា លោកស្រីបានស្នើដល់មន្រ្តី មីយ៉ាន់ម៉ា ឱ្យផ្តល់អាទិភាព សុវត្ថិភាព និងសុខុមាលភាព របស់ប្រជាជនរបស់លោក។
លោកស្រី Retno បានប្រាប់សន្និសីទ សារព័ត៌មានជាក់ស្តែង នៅពេលមកដល់ក្រុងហ្សាកាតា ពីទីក្រុងបាងកកថា “សុវត្ថិភាព និងសុខុមាលភាព របស់ប្រជាជនមីយ៉ាន់ម៉ា គួរតែត្រូវបានការពារ” ។
លោកស្រីរដ្ឋមន្រ្តីបានថ្លែង នៅក្នុងកិច្ចប្រជុំរយៈពេល ២០ នាទីអំពីសារៈសំខាន់ នៃរដ្ឋសមាជិកអាស៊ានទាំងអស់ ឱ្យគោរពគោលការណ៍ ដែលមានចែងនៅក្នុងធម្មនុញ្ញអាស៊ាន ហើយខ្ញុំនៅតែបន្តផ្ញើសារនេះ ឲ្យបានខ្លាំងៗ និងច្បាស់លាស់ ។
លោកស្រីបាននិយាយសំដៅ ដល់សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ ដែលមានសមាជិក ១០ ប្រទេស ដែលធម្មនុញ្ញបានអះអាង ក្នុងការប្រកាន់ខ្ជាប់ នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិបាលកិច្ចល្អ និងការគោរព និងការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ។
លោកស្រី ក៏បានសង្កត់ធ្ងន់ ទៅលើលោករដ្ឋមន្រ្តីការបរទេស Wunna Maung Lwin អំពីសារៈសំខាន់ នៃការផ្តល់សិទ្ធិមនុស្សធម៌ និងដំណើរទស្សនកិច្ចទៅកាន់អ្នកជាប់ឃុំ នយោបាយនៅមីយ៉ាន់ម៉ា ។
បន្ទាប់ពីការប្រមូលផ្ដុំគ្នា រវាងអ្នកការទូតទាំង៣ រូបនេះ ក្រសួងការបរទេសថៃ បានឲ្យដឹងថា ខ្លួនក៏ទទូចឱ្យគាំទ្រដល់សន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយសង្ឃឹមថា នឹងឃើញស្ថានការណ៍ប្រសើរឡើង ដើម្បីជាប្រយោជន៍ ដល់ប្រជាជនរបស់ប្រទេសនេះ ៕
ដោយ ឈូក បូរ៉ា