ដាម៉ាស់ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រុមតាមដានសង្គ្រាម បានឲ្យដឹងថា យន្តហោះវាយប្រហារដែនអាកាសរបស់សហរដ្ឋអាមេរិក បានបើកការវាយប្រហារ នៅភាគខាងកើតប្រទេសស៊ីរី បណ្តាលឲ្យស្លាប់ក្រុមសកម្ម ប្រយុទ្ធគាំទ្រ ដោយអ៊ីរ៉ង់ចំនួន២២នាក់ នៅមុនពេលឈានចូល ដល់ថ្ងៃសុក្រនេះ ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស នៅក្នុងប្រទេសស៊ីរី បាននិយាយថា ក្រុមប្រយុទ្ធត្រូវបានសម្លាប់ នៅគ្រា ដែលយន្តហោះវាយប្រហារ ដែនអាកាសបានវាយប្រហារទៅលើទីតាំងស្តុកអាវុធ យុទ្ធភ័ណ្ឌមួយកន្លែង ដែលជាកម្មសិទ្ធិ របស់ក្រុមកងកម្លាំង Hashed al-Shaabi របស់អ៊ីរ៉ាក់ និងក្រុម Hezbollah អ៊ីរ៉ាក់ ។
ការវាយប្រហារត្រូវបានអនុវត្តន៍ នៅខាងក្រៅទីតាំងស្តុកពីទឹកដី ចូលប្រទេសអ៊ីរ៉ាក់ ចូលក្នុងទឹកដីស៊ីរី តាមច្រកព្រំដែន al-Qaem ឆ្លងចូលខេត្ត Deir al-Zour ស្ថិតនៅភាគខាងកើតប្រទេសស៊ីរី ។ អង្គការឃ្លាំមើលខាងលើបានបញ្ជាក់ដូច្នេះ ។ អង្គការនេះបានឲ្យដឹងទៀតថា ចំនួនអ្នកស្លាប់ទំនងជាងនឹងកើនឡើងថែមទៀត ដោយសារតែក្រុមអ្នកប្រយុទ្ធទាំងនោះបានរងរបួសធ្ងន់ ។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកប្រចាំនៅស៊ីរី បានរាយការណ៍ថា អំពីការវាយប្រហារ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតណាមួយបន្ថែមទៀតនោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា