ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង មានមីស៊ីលផ្លោង តិចបំផុត៨គ្រាប់

បរទេស៖ យោងតាមក្រុមអ្នកវិភាគអង់គ្លេស បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង អាចមានមីស៊ីលផ្លោងឆ្លងទ្វីបតិចបំផុតចំនួន៨គ្រាប់នៅក្នុងឃ្លាំងអាវុធ ប៉ុន្តែស្ថានភាពនៃអាវុធទាំងនោះខ្លះ គឺមិនច្បាស់លាស់នោះទេ។ 

វិទ្យុអាស៊ីសេរី បានរាយការណ៍ថា វិទ្យាស្ថានអន្តរជាតិសិក្សាយុទ្ធសាស្ត្រ បាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ដែលមានចំណងជើងថា តុល្យភាពយោធាក្នុងឆ្នាំ២០២១ ថា រដ្ឋាភិបាលលោក គីម ជុងអ៊ុន អាចមានមីស៊ីលផ្លោងទ្វីប ដែលមានសមត្ថភាពអាចវាយប្រហារ ដល់សហរដ្ឋងាមេរិកយ៉ាងតិចចំនួន៨គ្រាប់។ 

ការប៉ាន់ស្មានពីវិទ្យាស្ថានសិក្សា យុទ្ធសាស្ត្រអន្តរជាតិនេះ គឺត្រូវបានធ្វើឡើង ក្រោយប៉ុន្មានខែបន្ទាប់ពីកូរ៉េខាងជើង បានបង្ហាញមីស៊ីលវាយប្រហារ ក្នុងចម្ងាយឆ្ងាយថ្មីមួយ ឈ្មោះ Hwasong-16 នៅក្នុងអំឡុងព្យុហយាត្រាក្នុងខែតុលា ដើម្បីប្រារព្ធរំឭកខួប៧៥ នៃការស្ថាបនាបក្សពលករកូរ៉េ។ 

យោងតាមវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រអន្តរជាតិនោះ ស្ថានភាពរបស់មីស៊ីល Hwasong-16 ដែលរចនាផលិតឡើងសម្រាប់បំពាក់ក្បាលគ្រាប់ច្រើនគ្រាប់ គឺនៅមិនទាន់ច្បាស់នោះទេ ហើយក្រុមអ្នកវិភាគនោះក៏បាននិយាយផងដែរថា កូរ៉េខាងជើងមានរថក្រោះជាង៣.៥០០គ្រឿង ប្រព័ន្ធបាញ់ពហុរ៉ុកកែតជាង៥០០ នាវាមុជទឹក៧១គ្រឿង និងយន្តហោះចម្បាំង៥៤៥គ្រឿង៕ 

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top