ព័ត៌មានអន្តរជាតិ

ប្រទេសថៃឡង់ដ៏ ចាប់ផ្តើមចាក់ វ៉ាក់សាំងកូវីដ១៩

បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ថា លោក Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈបានឲ្យដឹងថា នៅថ្ងៃអាទិត្យនេះ ប្រទេសថៃឡង់ដ៏ បានចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ ដែលជាការចាក់លើកដំបូង ដោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac  របស់ប្រទេសចិន ។

លោក Prayut Chan-o-cha នាយករដ្ឋមន្ត្រីថៃ បានធ្វើជាអធិបតីនៅក្នុងព្រឹត្តិការណ៍នៅឯវិទ្យាស្ថានជំងឺឆ្លងរបស់ប្រទេស ដែលមានមន្ត្រីផ្សេងៗទៀត ក្នុងនោះរាប់ទំាង ឧបនាយករដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីក្រសួងកសិកម្ម រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានចូលរួមចាក់វ៉ាក់សាំង ដែលជាវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac ផងដែរ ។

លោក Prayut បានថ្លែងប្រាប់ដល់បណ្តាអ្នកសារព័ត៌មាន បន្ទាប់ពីអ្នកចូលរួមទាំងអស់បានចូលរួមចាក់វ៉ាក់សាំងការពារនេះថា “វាជាថ្ងៃប្រវត្តិសាស្ត្រមួយ និងជាថ្ងៃមួយដែលនឹងជួយដល់ប្រទេសស្តារឡើងវិញនូវទំនុកចិត្ត ប្រឆំាងនឹងជំងឺឆ្លងរាតត្បាត” ។

ហើយបានធ្វើការតាមដាន អំពីការចាក់វ៉ាក់សាំងនេះក្នុងរយៈពេល៣០នាទី និងបានបង្ហាញថា មិនមានប្រតិកម្មណាមួយកើតឡើងនោះទេ ។

នៅថ្ងៃអាទិត្យនេះដែរ ពលរដ្ឋចំនួន១៥៩នាក់ នៅខេត្ត Samut Sakhon ដែលជាចំណុចកណ្តាលនៃការផ្ទុះរលកថ្មីរបស់ប្រទេសនៃការផ្ទុះជំងឺកាលពីពាក់កណ្តាលខែធ្នូ ត្រូវបានដាក់ក្នុងផែនការនឹងធ្វើការចាក់វ៉ាក់សាំងជាលើកដំបូងរបស់ពួកគេ ។ ទាំងនេះរាប់ទាំងក្រុមមន្ត្រី រួមទាំងអ្នកតំណាងក្រុមដែលប្រឈមនឹងហានីភ័យខ្ពស់ ដូចជា ក្រុមគ្រូពេទ្យ និងក្រុមកម្មករផងដែរ ។

គួររំលឹកថា កាលពីថ្ងៃពុធ ប្រទេសថៃឡង់ដ៏ បានទទួលវ៉ាក់សាំងកូវីដ១៩ ដែលជាកញ្ចប់ដំបូងរបស់ខ្លួនចំនួន២០០.០០០កម្រិតពីក្រុមហ៊ុន របស់ប្រទេសចិន Sinovac ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top