បរទេស៖ មន្ត្រីសន្តិសុខជាន់ខ្ពស់របស់ប្រទេសអ៊ីរ៉ង់ លោក Ali Shamkhani នៅថ្ងៃសៅរ៍នេះ បាននិយាយថា ការវាយប្រហារតាមអាកាស របស់អាមេរិកកាលពីថ្ងៃសុក្រម្សិលមិញនេះ ទៅលើកងជីវពលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរីភាគខាងកើត ជំរុញឲ្យមានអំពើភេរវកម្មក្នុងតំបន់។
ទីក្រុងវ៉ាស៊ីនតោន បាននិយាយប្រាប់ថា ការវាយប្រហារលើទីតាំងរបស់ក្រុមយោធាឆ័ត្រយោង Kataib Hezbollah នៅតាមព្រំដែនអ៊ីរ៉ាក់ គឺជាការឆ្លើយតបចំពោះការវាយប្រហារដោយរ៉ុកកែត ទៅលើទីតាំងកងកម្លាំងអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់។
លោក Ali Shamkhani ជាលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ បានមានប្រសាសន៍យ៉ាងដូច្នេះថា “សកម្មភាពថ្មីៗនេះរបស់អាមេរិក ពង្រឹងនិងពង្រីកសកម្មភាពរបស់ពួកភេរវករ Daesh នៅក្នុងតំបន់ ហើយការវាយប្រហារលើកងកម្លាំងប្រយុទ្ធប្រឆាំងអំពើភេរវកម្ម គឺជាការចាប់ផ្តើមរបស់ជុំថ្មីនៃអំពើភេរវកម្មដែលគេរៀបចំឡើង”។
គួរបញ្ជាក់ថា មន្ត្រីកងជីវពលអ៊ីរ៉ាក់ ដែលជិតស្និទ្ធនឹងអ៊ីរ៉ង់បាននិយាយថា ការវាយប្រហារតាមអាកាសអាមេរិក បានសម្លាប់កងកម្លាំងប្រយុទ្ធម្នាក់ និងរបួស៤នាក់។ មន្ត្រីអាមេរិកនិយាយថា ពួកគេត្រូវបានកំណត់ក្នុងទម្រង់បង្ហាញថា រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន នឹងធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ទន្ទឹមនឹងការព្យាយាមបញ្ជៀសការកើនឡើងនូវភាពតានតឹងដ៏ធំក្នុងតំបន់៕
ប្រែសម្រួល៖ប៉ាង កុង