បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលីនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់ឥណ្ឌាត្រូវបានគេដឹងថាមានការកើនឡើងបន្តិច គឺប្រមាណជា០,៤ភាគរយ កាលពីត្រីមាសចុងក្រោយឆ្នាំទៅធៀបជាមួយនឹងឆ្នាំ២០១៩។
ប្រភពដដែលបានសរសេរទៀតថា នេះគឺមានន័យថាឥណ្ឌាបានងើបចេញពីវិបត្តិសេដ្ឋកិច្ច ជាលើកដំបូងចាប់តាំងតែពីខ្លួនបានលប់ចោលបម្រាមធ្វើដំណើរ និងបិទព្រំដែនដោយសារតែកូវីដ១៩។
ជាតួលេខចុងក្រោយដែលត្រូវបានគេ មើលឃើញថាមានការធ្លាក់ចុះបន្តិចពីអ្វីដែលការស្ទាបស្ទង់មតិ របស់អ្នកជំនាញនៅ Bloomberg កាលពីលើកមុនដែលបានបញ្ជាក់ថា សេដ្ឋកិច្ចឥណ្ឌានឹងអាចកើនឡើងដល់ទៅ០,៥ភាគរយប៉ុន្តែទោះបីជាយ៉ាងណាតួលេខនេះ គឺអាចសមលម្មឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋ Narendra Modi អាចធ្វើការអបអរសាទរចំពោះកិច្ចការងារ របស់ខ្លួនបានខ្លះដែរ។
វិស័យសំខាន់ៗ ដែលត្រូវបានគេជឿជាក់ថាបានជួយដល់កំណើនសេដ្ឋកិច្ចរបស់ឥណ្ឌា គឺមានដូចជាវិស័យសំណងនិងផលិតកម្មរោងចក្រជាដើម ដែលវាត្រូវបានគេមើលឃើញថាមានកំណើនខ្លាំងធៀប ទៅនឹងពេលវេលាកាលពីឆ្នាំ២០១៩៕
ប្រែសម្រួល៖ស៊ុនលី

