ព័ត៌មានអន្តរជាតិ

រុស្ស៊ីថ្កោលទោស ខ្លាំងក្លា ចំពោះការវាយប្រហារ តាមអាកាស អាមេរិកនៅស៊ីរី

បរទេស ៖ មន្ត្រីរុស្ស៊ី បាននិយាយប្រាប់ថា ពួកគេថ្កោលទោស រិះគន់យ៉ាងខ្លាំងក្លា ចំពោះការវាយប្រហារ តាមអាកាស របស់សហរដ្ឋអាមេរិក លើក្រុមដែលគាំទ្រ ដោយអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរីភាគខាងកើត និងបានបន្ថែមថា ពួកគេកំពុងតែឃ្លាំមើល យ៉ាងយកចិត្តទុកដាក់ ចំពោះការវិវត្តនានា ។

ការថ្លែងបែបនេះ របស់ក្រុមមន្ត្រីរុស្ស៊ី គឺត្រូវបានធ្វើឡើង ក្រោយមួយថ្ងៃបន្ទាប់ពីយោធា សហរដ្ឋអាមេរិក បានវាយប្រហារកម្ទេចទីតាំងនានា នៅកន្លែងត្រួតពិនិត្យព្រំដែន ប្រើប្រាស់ ដោយពួក Kait’ib Hezbollah និងពួក Kait’ib Sayyid al-Shuhada ដែលសុទ្ធតែស្ថិតនៅក្នុង ចំណោមក្រុមគាំទ្រ ដោយប្រទេសអ៊ីរ៉ង់ ។

យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយ អារ៉ាប៊ីសាអូឌីត Al Hadath បាននិយាយថា ការវាយប្រហារដោយមីស៊ីលនោះ បានសម្លាប់សមាជិកកងជីវពល ស៊ីអ៊ីតតិចបំផុត អស់១៧នាក់ ។

មន្ត្រីនាំពាក្យក្រសួង ការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលថ្កោលទោសខ្លាំងក្លា ចំពោះទង្វើបែបនេះ ព្រមទាំងបានអំពាវនាវ ឲ្យមានការគោរព ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីស៊ីរី ដោយឥតលក្ខខណ្ឌ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top