បរទេស ៖ វិមានក្រឹមឡាំង នៅថ្ងៃពុធនេះ បានបង្ហាញការមើលស្រាល ចំពោះទណ្ឌកម្ម ដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានដាក់ ជុំវិញការប្រព្រឹត្ត របស់ទីក្រុងមូស្គូ លើមេដឹកនាំប្រឆាំង លោក Alexei Navalny ប៉ុន្តែបាននិយាយប្រាប់ថា ខ្លួននឹងធ្វើការសងសឹកវិញ ជាមួយវិធានការតបវិញ ។
នៅក្នុងបញ្ហាប្រឈមមុខ ដោយផ្ទាល់បំផុត របស់លោកប្រធានាធិបតី ចូ បៃដិន ចំពោះវិមានក្រឹមឡាំង សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានដាក់ទណ្ឌកម្ម ដើម្បីជាការពិន័យប្រទេសរុស្ស៊ី ចំពោះអ្វីដែលខ្លួននិយាយថា ជាការប៉ុនប៉ងរបស់ទីក្រុងមូស្គូ ក្នុងការបំពុលលោក Navalny កាលពីឆ្នាំមិញនេះ ។
មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានមានប្រសាសន៍ថា ទីក្រុងមូស្គូ នឹងតបតវិញ ក្នុងវិធីមួយ ដែលបម្រើផលប្រយោជន៍ល្អបំផុត របស់ខ្លួន ហើយលោកបន្តថា “ពិតណាស់ វាមិនអាចទៅរួចទេ ដែលមិនអនុវត្តគោលការណ៍តបតវិញនោះ” ។
តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News បាននៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា លោកបានមានប្រសាសន៍បន្តដូច្នេះទៀតថា “យើងចាត់ទុកការសម្រេចចិត្តបែបនេះ ថាជារឿងមិនសមហេតុផល អយុត្តិធម៌ ហើយដែលសំខាន់បំផុតនោះ ពួកគេគ្មានផលឬក៏អត្ថន័យអ្វីនោះទេ” ៕
ប្រែសម្រួល៖ប៉ាង កុង