ម៉ូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្តហោះចម្បាំងរបស់រុស្ស៊ី មួយគ្រឿង បានអមដំណើរយន្តហោះ ទម្លាក់គ្រាប់បែក យុទ្ធសាស្ត្រអាមេរិកចំនួន ២ គ្រឿង នៅលើសមុទ្របាល់ ទិកកាលពីថ្ងៃពុធ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។
ក្រសួងបានឲ្យដឹងថា ប្រព័ន្ធត្រួតពិនិត្យ ដែនអាកាសរុស្ស៊ី បានរកឃើញគោលដៅ អាកាសចំនួន ២ ដែលកំពុងខិតជិតព្រំដែន រុស្ស៊ី លើដែនទឹក អព្យាក្រឹត នៃសមុទ្របាល់ទិក ហើយយន្តហោះចម្បាំង Su-27 ក៏បានចេញប្រតិបត្ដិការ ជាការឆ្លើយតប។
នាវិកនៃយន្តហោះរុស្ស៊ី បានកំណត់គោលដៅ ជាយន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្រ B-1B ចំនួន ២គ្រឿង របស់កងទ័ពអាកាស សហរដ្ឋអាមេរិក ហើយបានអមដំណើរ ពួកគេនៅលើសមុទ្របាល់ទិក។
បន្ទាប់ពីយន្តហោះយោធា របស់សហរដ្ឋអាមេរិក បានហោះចេញពីព្រំដែនរុស្ស៊ី យន្តហោះ Su-27 បានវិលត្រឡប់ទៅកាន់អាកាស យានដ្ឋានរបស់ខ្លួនវិញ ដោយសុវត្ថិភាព ។
ប្រភពព័ត៌មានបានឲ្យដឹងថា ការហោះហើរទាំងមូល របស់យន្ដហោះប្រយុទ្ធរុស្ស៊ី បានគោរពយ៉ាងតឹងរឹង ជាមួយច្បាប់អន្តរជាតិ សម្រាប់ការប្រើប្រាស់ ដែនអាកាស ៕
ដោយ ឈូក បូរ៉ា