ព្រុចសែល៖ ប្រធានសហភាពអឺរ៉ុប (EU) និងសហរដ្ឋអាមេរិក បានឯកភាពគ្នាក្នុងការផ្អាកអនុវត្ដពន្ធគយ ដែលបានដាក់លើជម្លោះរបស់ក្រុមហ៊ុន Airbus និង Boeing នេះបើយោងតាមសម្តីរបស់ប្រធានគណៈកម្មាធិការអឺរ៉ុបលោក ស្រី Ursula von der Leyen កាលពីថ្ងៃសុក្រ បន្ទាប់ពីការជជែកគ្នាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន។
លោកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាផ្អាកពន្ធគយ ទាំងលើយន្តហោះ និងផលិតផលមិនមែនយន្តហោះ សម្រាប់រយៈពេល ៤ ខែដំបូង។
លោកស្រីបានលើកឡើងថា“ យើងទាំងពីរប្តេជ្ញាផ្តោតការយកចិត្តទុកដាក់ លើជម្លោះយន្តហោះរបស់យើង” នេះគឺជាដំណឹងដ៏ប្រសើរបំផុត សម្រាប់អាជីវកម្ម និងឧស្សាហកម្មទាំងសងខាងនៃមហាសមុទ្រអាត្លង់ទិក និងជាសញ្ញាវិជ្ជមានមួយ សម្រាប់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចរបស់យើងនៅឆ្នាំខាងមុខ។
សហគមន៍អ៊ឺរ៉ុប បានចាត់វិធានការប្រឆាំងនឹងការនាំចេញ របស់សហរដ្ឋអាមេរិក ដោយទណ្ឌកម្មពន្ធលើផលិតផលអាមេរិក ដែលមានតម្លៃ ៤ ពាន់លានដុល្លារកាលពីខែវិច្ឆិកាមុន បន្ទាប់ពីស្ថាប័នដោះស្រាយវិវាទនៃអង្គការពាណិជ្ជកម្ម ពិភពលោក (WTO) បានអនុញ្ញាតឱ្យសហភាពអឺរ៉ុបចាត់វិធានការប្រឆាំងនឹង “ការឧបត្ថម្ភធនខុសច្បាប់” ដែលបានផ្តល់ឱ្យក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ។
នៅខែតុលា ឆ្នាំ ២០១៩ បន្ទាប់ពីមានសេចក្តីសម្រេចស្រដៀងគ្នារបស់អង្គការពាណិជ្ជកម្មពិភពលោក ក្នុងករណីដូចគ្នា ស្តីពីការឧបត្ថម្ភធនរបស់ក្រុមហ៊ុន Airbus ទីក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើមអនុវត្តកាតព្វកិច្ចសងសឹក ដែលនឹងប៉ះពាល់ ដល់ការនាំចេញរបស់សហភាពអឺរ៉ុបដែលមានតម្លៃ ៧,៥ ពាន់លានដុល្លារហើយកាតព្វកិច្ចនៅតែមាន ដដែល បន្ទាប់ពីរដ្ឋាភិបាលអឺរ៉ុប បានធ្វើការសម្រេចចិត្ត ដើម្បីធានាឱ្យបាន នូវការគោរពពេញលេញ ជាមួយច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក និងដកមូលដ្ឋាន សម្រាប់សហរដ្ឋអាមេរិក ដើម្បីរក្សាពន្ធនៅខែកក្កដា ឆ្នាំ ២០២០៕ដោយ ឈូក បូរ៉ា