បរទេស៖ សាកសពក្មេងប្រុសអាយុ ៨ ឆ្នាំម្នាក់ត្រូវបានកាត់ចេញពីពោះក្រពើមួយក្បាល នៅប្រទេសឥណ្ឌូនេស៊ី មួយថ្ងៃបន្ទាប់ពីក្មេងប្រុសរូបនោះ ត្រូវបានក្រពើចាប់អូសហើយលេប ពេលទៅនេសាទជាមួយឪពុក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Sputnik នៅថ្ងៃទី៦មីនា។
បើតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថាក្មេងប្រុសឈ្មោះ Dimas Mulkan Saputra កំពុងនេសាទជាមួយឪពុក នៅពេលដែលក្រពើបានអូសក្មេងនោះចេញ។ បុរសជាឪពុកក្មេងប្រុស ព្យាយាមបានចាប់ក្រពើហើយវាយក្រពើដោយដៃ ប៉ុន្តែសត្វល្មូននេះបានហែលទៅឆ្ងាយ។
មន្រ្តីទីភ្នាក់ងារស្វែងរកនិងជួយសង្គ្រោះ ក្នុងតំបន់បាននិយាយថា “ គាត់បានដេញក្រពើនិងវាយវាដោយដៃទទេ ប៉ុន្តែគាត់មិនអាចតាមទាន់ក្រពើដែលហែលទៅឆ្ងាយឡើយ” ។
ក្រពើនេះត្រូវបានគេចាប់បាននៅថ្ងៃបន្ទាប់ គឺថ្ងៃទី ៤ ខែមីនា ហើយសាកសពរបស់ក្មេងប្រុសនេះ ត្រូវបានយកចេញពីក្រពះរបស់ក្រពើ។ សត្វល្មូនបានលេបក្មេងប្រុសទាំងមូល។
សូមរំលឹកថា កាលពីខែកុម្ភៈ សាកសពអ្នកនេសាទដែលបាត់ខ្លួនត្រូវបានរកឃើញ នៅខាងក្នុងក្រពើដ៏ធំមួយនៅប្រទេសអូស្ត្រាលី៕