ព័ត៌មានអន្តរជាតិ

កងកម្លាំងចម្រុះ ដឹកនាំដោយ អារ៉ាប៊ីសាអូដីត វាយប្រហារ តាមអាកាសលើ រដ្ឋធានីនៃប្រទេស យេម៉ែន

បរទេស៖កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត នៅថ្ងៃអាទិត្យនេះ បានធ្វើការវាយប្រហារតាមអាកាស លើរដ្ឋធានីនៃប្រទេសយេម៉ែន គឺទីក្រុងសាណាអា ក្រោយនិយាយថា ខ្លួនបានកម្ទេចកូនដ្រូនដែលពួកឧទ្ទាមហូធីប្រើ ដោយរួមមានតិចបំផុត៥គ្រឿង បានវាយប្រហារឆ្ពោះទៅប្រទេសអារ៉ាប៊ីសាអូឌីត។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអារ៉ាប៊ីសាអូឌីតបានរាយការណ៍ថា កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បាននិយាយថា កូនដ្រូនទាំងនោះ មានគោលដៅវាយប្រហារលើទីតាំងស៊ីវិល ប៉ុន្តែមិនបានបញ្ជាក់ពីទីតាំងជាក់លាក់នោះទេ។

ស្ថានកុងស៊ុលសហរដ្ឋអាមេរិកប្រចាំនៅក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត បានចេញសេចក្តីណែនាំមួយ ដោយលើកឡើងពីរបាយការណ៍អំពីការវាយប្រហារនិងការបំផ្ទុះ នៅថ្ងៃអាទិត្យនេះ ក្បែរទីក្រុង Jeddah និងទីក្រុង Khamis Mushait ស្ថិតនៅភាគខាងត្បូង។

នៅក្នុងរដ្ឋធានីសាណាអាដែលពួកហូធីកាន់កាប់ក្នុងប្រទេសយេម៉ែន សារព័ត៌មាននិងពលរដ្ឋក្នុងតំបន់ពីរនាក់ បានរាយការណ៍អំពីការវាយប្រហារតាមអាកាសមួយចំនួន ហើយទូរទស្សន៍ Al Masirah TV របស់ពួកហូធី បាននិយាយប្រាប់ថា យន្តហោះចម្បាំងរបស់កងកម្លាំងចម្រុះ បានធ្វើប្រតិបត្តិការវាយឆ្មក់តាមអាកាសចំនួន៧

ប៉ុន្តែនៅពេលភ្លាមៗនេះ មិនទាន់មានការបញ្ជាក់ពីកងកម្លាំងចម្រុះ ដែលពីមុនធ្លាប់បានធ្វើការវាយប្រហារតាមអាកាស លើទីតាំងយោធាពួកហូធី នៅក្នុងទីក្រុងសាណាអា ដើម្បីជាការឆ្លើយតបចំពោះការវាយប្រហារឆ្លងព្រំដែននៅឡើយនោះទេ៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top