ព័ត៌មានអន្តរជាតិ

យន្តហោះ អារ៉ាប៊ីសាអូឌីត កាតានិងអ៊ីស្រាអែល ចូលរួមជាមួយយន្តហោះ ទ័ពអាកាសអាមេរិក ក្នុងដំណើរបង្ហាញ កម្លាំងនៅឈូងសមុទ្រពែរ្ស

បរទេស៖ យន្តហោះទម្លាក់គ្រាប់ B-52 របស់កងទ័ពអាកាស សហរដ្ឋអាមេរិកមួយគ្រឿង បានចូលរួមជាមួយ យន្តហោះអមដំណើរ របស់អ៊ីស្រាអែល កាតានិងអារ៉ាប៊ីសាអូឌីត ក្នុងការហោះហើរមួយ នៅលើឈូងសមុទ្រពែរ្ស បង្ហាញកម្លាំងផ្តោត គោលដៅលើអ៊ីរ៉ង់។

សេចក្តីថ្លែងការណ៍ សង្ខេបមួយ មកពីទីបញ្ជាការកណ្ដាល របស់កងទ័ពអាកាសអាមេរិក បាននិយាយថា យន្តហោះទម្លាក់គ្រាប់ធុនធ្ងន់ B-52 មកពីមូលដ្ឋានទ័ពអាកាស Minot រដ្ឋដាកូតាខាងជើង បានហោះហើរកាត់តាម តំបន់ទទួលខុសត្រូវ នៃទីបញ្ជាការកណ្ដាល កាលពីថ្ងៃទី០៧ ខែមីនា ហើយប្រទេសជាដៃគួជាច្រើន បានចូលរួមជាមួយ យន្តហោះ ទម្លាក់គ្រាប់នោះ នៅត្រង់ចំណុចផ្សេងៗ គ្នានៃបេសកកកម្ម។

សេចក្តីថ្លែងការណ៍នោះ បានធ្វើការសន្និដ្ឋានយ៉ាងដូច្នេះថា “បេសកកម្មទាំងនេះ លើកឡើងជាថ្មីនូវសមត្ថភាព ធ្វើដំណើរទៅដល់ ក្នុងពិភពលោក របស់កងទ័ពអាកាសអាមេរិក និងការប្តេជ្ញាចំពោះសន្តិសុខក្នុងតំបន់”។

យោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា យន្តហោះចម្បាំង F-15 របស់ប្រទេសអ៊ីស្រាអែល ប្រទេសកាតា និងប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើការហោះហើរអមដំណើរ នៅក្នុងដែនអាកាសរៀងៗខ្លួន រហូតដល់យន្តហោះទម្លាក់គ្រាប់ B-52 វិលត្រឡប់មកសហរដ្ឋអាមេរិកវិញ៕

ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top