ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំសន្តិសុខ អាមេរិក-ជប៉ុន នឹងលើកឡើង ពីការទប់ទល់ប្រទេសចិន

បរទេស៖ សហរដ្ឋអាមេរិកនិងប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ ត្រូវបានគេរំពឹងថា នឹងលើកឡើងនូវប្រធានបទ ស្តីពីក្តីព្រួយបារម្ភទៅវិញទៅមក ពាក់ព័ន្ធបញ្ហាប្រទេសចិន នៅក្នុងអំឡុងកិច្ចប្រជុំ មន្ត្រីការពារជាតិជាន់ខ្ពស់ និងមន្ត្រីការទូត នាពេលខាងមុខនេះ។

រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin ត្រូវបានគេរំពឹងថា នឹងជួបជាមួយ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi និងរដ្ឋមន្ត្រីការពារជាតិ លោក Nobuo Kishi នៅក្នុងអំឡុងកិច្ចប្រជុំ រដ្ឋមន្ត្រីនៃគណៈកម្មកាr ប្រឹក្សាសន្តិសុខ អាមេរិក-ជប៉ុន។

យោងតាមសេចក្តីរាយការណ៍ កិច្ចប្រជុំនោះ នឹងត្រូវប្រារព្ធធ្វើឡើង ចាប់ពីថ្ងៃចន្ទរហូតដល់ថ្ងៃពុធ នាសប្ដាហ៍ក្រោយ ហើយការពង្រឹងការទប់ទល់ របស់សហរដ្ឋអាមេរិក និងប្រទេសជប៉ុន ចំពោះប្រទេសចិន ត្រូវបានគេរំពឹងថា នឹងស្ថិតនៅលើកំពូល របៀបវារៈ នៃកិច្ចប្រជុំនោះ។

គួរបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីទល់មុខគ្នា ដំបូងនេះ គឺត្រូវបានធ្វើឡើង ស្របពេលមានការកើនឡើង នូវភាពតានតឹង រវាងប្រទេសចិននិងប្រទេសជប៉ុន នៅដែនសមុទ្រចិនខាងកើត ដោយប្រទេសទាំងពីរនេះ ធ្វើការអះអាងកម្មសិទ្ធិកោះ មានជម្លោះ គឺកោះសែនកាគូ ឬហៅថា ក្រុមកោះ Diaoyutai ថាជាកម្មសិទ្ធិរបស់ខ្លួន៕

ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top