បរទេស៖ រដ្ឋាភិបាលអន្តរជាតិ ទទួលស្គាល់ នៃប្រទេសយេម៉ែន បាននិយាយនៅថ្ងៃអាទិត្យថា ខ្លួនបានស្តារឡើងវិញ នូវចំណងមិត្តភាព ការទូត ជាមួយប្រទេសកាតា ក្រោយការធ្វើពហិការ រយៈពេល៤ឆ្នាំ ដឹកនាំដោយ អារ៉ាប៊ីសាអូឌីត និងចូលរួមដោយ ប្រទេសអារ៉ាប់ ដទៃទៀត។
យោងតាមក្រសួងការបរទេស របស់ប្រទេសយេម៉ែន បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេស ទើបបានជួបគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសកាតា នៅក្នុងទីក្រុងដូហា កាលពីថ្ងៃអាទិត្យ ហើយកិច្ចព្រមព្រៀងមួយ បានធ្វើឡើងដើម្បីស្តារឡើងវិញ នូវចំណងមិត្តភាព រវាងប្រទេសទាំងពីរ។
សេចក្តីថ្លែងការណ៍មួយ ធ្វើឡើងដោយក្រសួងការបរទេស កាតា បាននិយាយថា លោករដ្ឋមន្ត្រីការបរទេសទាំងពីរ បានធ្វើការពិនិត្យឡើងវិញនូវ ចំណងមិត្តភាពទ្វេភាគី ប៉ុន្តែមិនបានរំឭក ដល់រឿងស្តារចំណងមិត្តភាព នោះទេ។
សេចក្តីថ្លែងការណ៍នោះ បាននិយាយថា នៅក្នុងអំឡុងជំនួបគ្នានោះ រដ្ឋមន្ត្រីការបរទេសកាតា លោក Sheikh Mohammed bin Abdulrahman Al-Thani បានគូសបញ្ជាក់ពីតម្រូវការ ឲ្យមានដំណោះស្រាយ នយោបាយមួយ ដើម្បីបញ្ចប់សង្គ្រាមរយៈពេល៩ឆ្នាំ នៅប្រទេសយេម៉ែន៕
ប្រែសម្រួល៖ប៉ាង កុង